៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង
ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
«តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?»
ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ
ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។
ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។
សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ
កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសង្ឃឹមនោះឡើយ។
ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។
អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ប៉ុន្តែ ព្រះដែលកម្សាន្តចិត្តអ្នកទន់ទាប ទ្រង់បានកម្សាន្តចិត្តយើង ដោយការមកដល់របស់លោកទីតុស
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ
ដ្បិតក្នុងព្រះអង្គ អ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក ទាំងពាក្យសម្ដី និងចំណេះដឹងគ្រប់យ៉ាង
គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ
ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន
ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
ព្រះវរបិតាខ្ញុំ ដែលប្រទានចៀមទាំងនោះមកខ្ញុំ ទ្រង់ធំលើសជាងអ្វីទាំងអស់ គ្មានអ្នកណាអាចឆក់គេចេញពីព្រះហស្តរបស់ព្រះអង្គបានឡើយ
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។
ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា ទតមកលើអស់អ្នក ដែលកោតខ្លាចព្រះអង្គ គឺមកលើអស់អ្នកដែលសង្ឃឹម ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។
ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចម្រើនឡើងដល់យើងយ៉ាងណា នោះការកម្សាន្តចិត្តរបស់យើង ក៏ចម្រើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។
ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។
ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ
នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា !
ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?»
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ
ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ
ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។
ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។
ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។
នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។
ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត
ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក
ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។
ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រះអាទិត្យរបស់អ្នកនឹងលែងលិច ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា?
ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។
ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។
ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង!
សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ!
សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ!
រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!»
រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។
ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ
សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។
ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ?
ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។
ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ
ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ
មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ
ហើយសូមឲ្យព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាចម្រើនកាន់តែច្រើនឡើងជាបរិបូរ ខាងឯសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងដល់មនុស្សទាំងអស់ ដូចជាយើងស្រឡាញ់អ្នករាល់គ្នាដែរ។
សូមព្រះប្រទានឲ្យអ្នករាល់គ្នាមានចិត្តរឹងប៉ឹងដោយបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះ ជាព្រះវរបិតារបស់យើង ក្នុងពេលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងយាងមក ជាមួយពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ទូលបង្គំនឹងត្រេកអរ ហើយរីករាយ នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ
ហើយយើងមានសេចក្តីទុកចិត្តដល់ព្រះបែបនេះ ដោយសារព្រះគ្រីស្ទ។
មិនមែនថា ខ្លួនយើងផ្ទាល់ យើងមានសមត្ថភាពនឹងចាត់ទុកអ្វីមួយថាចេញពីខ្លួនយើងឡើយ តែសមត្ថភាពរបស់យើងមកពីព្រះ
ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។
ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ តែសេចក្តីទាំងនេះដែលទូលបង្គំនិយាយនៅក្នុងលោកនេះ ដើម្បីឲ្យអំណររបស់ទូលបង្គំបានពោរពេញនៅក្នុងគេ។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ
ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ
ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។
ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។