ព្រះវរបិតាសួគ៌របស់យើងបានបង្គាប់ឲ្យយើងអធិស្ឋានឥតឈប់ឈរ។ តាមរយៈការអធិស្ឋាន យើងអាចមានទំនាក់ទំនងជាមួយនឹងព្រះ។ ការអធិស្ឋានគឺជាផ្លូវទំនាក់ទំនងរបស់អ្នកជឿ។ តាមរយៈការអធិស្ឋាន យើងអាចយករាល់សំណូមពរទៅដាក់នៅចំពោះព្រះបាទានៃព្រះអង្គសម្ដេច។ នៅពេលដែលជីវិតមិនស្រួល មានបន្ទុក ហើយមានទុក្ខព្រួយ យើងអាចទៅរកទ្រង់បាន។ តាមរយៈការអធិស្ឋាន ព្រះចាប់ផ្ដើមស្គាល់តម្រូវការ និងសំឡេងរបស់យើង។ ទ្រង់ស្គាល់ជីវិតរបស់យើងរួចហើយ សូម្បីតែមុនពេលយើងកើតមកក៏ដោយ ប៉ុន្តែទ្រង់ចង់ឲ្យយើងនិយាយជាមួយទ្រង់ ឲ្យយើងស្វែងរកទ្រង់។
ការអធិស្ឋានជាកន្លែងដែលយើងចាប់ផ្ដើមពង្រឹងមិត្តភាព សេចក្ដីស្និទ្ធស្នាល និងទំនាក់ទំនងជាមួយនឹងព្រះ។ វាគឺជាអាវុធមួយដែលយើងមាន ក្នុងនាមជាអ្នកជឿព្រះយេស៊ូ ដើម្បីការពារខ្លួនពីសមរភូមិនីមួយៗ។ ព្រោះក្នុងការអធិស្ឋាន យើងនឹងទទួលបានជ័យជំនះលើអ្វីៗទាំងអស់។ អំណាចនៃការអធិស្ឋានមិនមែនមកពីយើងទេ តែមកពីព្រះយេស៊ូវិញ។ ទ្រង់ជាអ្នកឆ្លើយតបការអធិស្ឋាន និងធ្វើឲ្យអ្វីដែលហាក់ដូចជាមិនអាចទៅរួច ក្លាយជាការពិត។ នៅពេលដែលយើងអធិស្ឋានដោយស្មោះអស់ពីចិត្ត យើងអាចទទួលបានការលួងលោម សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ពីព្រះវរបិតា។ ចូរចូលទៅជិតព្រះដោយចិត្តទន់ទាប ហើយទ្រង់នឹងមិនដែលបដិសេធយើងឡើយ។ (អេភេសូរ ៦:១៨)
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយមានសំណូមពរ និងការអង្វរ។ ចូរប្រុងប្រយ័ត្ន និងតស៊ូក្នុងការអធិស្ឋានសម្រាប់ពួកបរិសុទ្ធទាំងអស់។ នៅពេលអធិស្ឋាន ចូរថ្លែងអំណរគុណ មិនត្រឹមតែបង្ហាញសំណូមពររបស់យើងប៉ុណ្ណោះទេ ថែមទាំងនៅស្ងៀមនៅចំពោះទ្រង់ទៀតផង។ (១ថែស្សាឡូនិច ៥:១៦-១៨) ចូរមានអំណរជានិច្ច អធិស្ឋានឥតឈប់ឈរ ថ្លែងអំណរគុណដល់ព្រះក្នុងគ្រប់កាលៈទេសៈ ព្រោះនេះជាព្រះហឫទ័យរបស់ទ្រង់ចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូ។
ចូរអរសប្បាយជានិច្ចចូរអធិស្ឋានឥតឈប់ឈរចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។
«ឱព្រះវរបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យព្រះអង្គវិញ»។
ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា ហើយមិនមើលងាយពាក្យទូលអង្វរ របស់គេឡើយ។
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។
ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច!
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ាខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គនៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា !ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផងសូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នាទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច
បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ?ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ចេញពីខ្ញុំដែរ!
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ សូមប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង!កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។
៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។
ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតទេ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសូមព្រះវរបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។
លោកទូលថា៖ «ទូលបង្គំបានអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ព្រះអង្គក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយព្រះអង្គបានឮសំឡេងរបស់ទូលបង្គំ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់អ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
«ពេលណាអ្នកអធិស្ឋាន ចូរកុំធ្វើដូចមនុស្សមានពុត ដែលគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅជ្រុងផ្លូវ ដើម្បីឲ្យគេមើលឃើញនោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង!
ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទទួលពាក្យ ដែលខ្ញុំអធិស្ឋានហើយ។
ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។
ពេលនោះ ខ្ញុំបានបែរមុខទៅរកព្រះអម្ចាស់យេហូវ៉ា ស្វែងរកព្រះអង្គដោយអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអាហារ ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះ។
ខ្ញុំបន្លឺសំឡេងស្រែករកព្រះ គឺស្រែករកព្រះយ៉ាងឮ ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ឱព្រះអើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំឧត្តុង្គឧត្តម ដូចព្រះនៃយើង?ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះពាហុរបស់ព្រះអង្គ គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។ –បង្អង់៙ ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ គឺកាលសមុទ្របានឃើញព្រះអង្គ នោះក៏មានសេចក្ដីភិតភ័យ មែន ទីជម្រៅក៏ញាប់ញ័រដែរ។ពពកបានបង្អុលទឹកចេញមក ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់ ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។សូរសៀងផ្គរលាន់របស់ព្រះអង្គ នៅក្នុងខ្យល់កួច ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ផ្លូវច្រករបស់ព្រះអង្គឆ្លងកាត់មហាសាគរ តែគ្មានអ្នកណាឃើញដានព្រះបាទ របស់ព្រះអង្គឡើយ។នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។
ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។
មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា ទតមកលើអស់អ្នក ដែលកោតខ្លាចព្រះអង្គ គឺមកលើអស់អ្នកដែលសង្ឃឹម ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះព្រះអង្គនៅថ្ងៃនេះ
យើងអធិស្ឋានយ៉ាងអស់ពីចិត្ត ទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញអ្វីដែលខ្វះ ខាងឯជំនឿរបស់អ្នករាល់គ្នា។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផងពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
ដោយអ្នករាល់គ្នាក៏ចូលរួមជួយយើងដោយការអធិស្ឋានដែរ។ ហេតុនោះ មនុស្សជាច្រើននឹងអរព្រះគុណជំនួសយើង ដោយព្រោះអំណោយទានដែលព្រះបានប្រទានដល់យើង តាមរយៈសេចក្ដីអធិស្ឋានរបស់មនុស្សជាច្រើន។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ
ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។
ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។
ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។
មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។
យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា!
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
កាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានមកឯទីនេះ នោះសូមព្រះអង្គស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ
ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ!សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ និងពីអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ផង!
ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។
៙ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ គឺព្រះអង្គហើយដែលនឹងឆ្លើយតប។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមស្តាប់សម្រែកទូលអង្វររបស់ទូលបង្គំផង។នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា?ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។