ទំនុកតម្កើង 37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យទូន្មានឲ្យចេះអត់ធ្មត់ ហើយជឿទុកចិត្ត ទំនុករបស់ស្ដេចដាវីឌ។ 1 កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ 2 ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។ 3 ៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ 4 ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ 5 ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ 6 ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។ 7 ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ 8 ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ 9 ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។ 10 នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ 11 រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ 12 ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត 13 តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ 14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់ 15 តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ 16 ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ 17 ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ 18 ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប 19 គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។ 20 ៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។ 21 មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ 22 ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា នឹងទទួលទឹកដីជាមត៌ក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។ 23 ៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ 24 ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។ 25 ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ 26 គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។ 27 ៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ 28 ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ 29 មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ 30 ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ 31 ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ 32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ 33 ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ 34 ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ 35 យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ 36 ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ 37 ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ 38 រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ 39 ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ 40 ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia