ថ្ងៃកំណើតជាថ្ងៃដ៏ពិសេសមួយ ដែលយើងអាចអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះព្រះពរ និងសេចក្តីល្អទាំងអស់ដែលទ្រង់បានប្រទានមកឲ្យ ព្រមទាំងអរព្រះគុណចំពោះអាយុមួយឆ្នាំទៀតដែលទ្រង់បានប្រទានឲ្យយើងបានរស់នៅ។ ព្រះអង្គមានសេចក្តីស្ម័គ្រស្មោះចំពោះយើង ហើយថ្ងៃនេះជាថ្ងៃដ៏ល្អដើម្បីរំឭកដល់សេចក្តីសន្យាទាំងនោះ និងចែករំលែកព្រះបន្ទូលរបស់ទ្រង់ជាមួយមនុស្សជាទីស្រឡាញ់។ សូមជូនពរឲ្យអ្នកមានសុខភាពល្អជារៀងរាល់ថ្ងៃ និងរស់នៅក្នុងប្រាជ្ញារបស់ព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ចាត់ពួកទេវតាឲ្យមកថែរក្សាអ្នក ហើយសូមព្រះអង្គប្រទានអ្វីដែលអ្នកប្រាថ្នា តាមព្រះហឫទ័យដ៏ល្អឥតខ្ចោះរបស់ទ្រង់។ (សុភាសិត ៩:១១) «ដោយសារតែអញ អាយុរបស់ឯងនឹងវែង ហើយឆ្នាំជីវិតរបស់ឯងនឹងកើនឡើង»។
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ ប្រកបដោយភាពសម្បូរណ៍សប្បាយ ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ ដោយភោគផលបរិបូរដែរ។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។ យើងនឹងប្រមូលអស់អ្នកក្នុងចំណោម ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់ ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញផង។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។
ទូលបង្គំនឹងអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងព្រះនាមព្រះអង្គ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ រួចវិលត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ គឺទាំងអ្នក និងកូនចៅរបស់អ្នក ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
៙ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង! ចូរសម្តែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ជិតយាងមកហើយ។ កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។