Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អំពី​ព្រះ‌គ្រីស្ទ​ជាប់​ឆ្កាង

1 បង‌ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា ខ្ញុំ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ដើម្បី​ប្រកាស​ពី​អាថ៌​កំបាំង​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ឡើយ។

2 ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ព្រម​ដឹង​អ្វី ក្រៅ​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ពី​ព្រះ‌អង្គ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​នោះ​ឡើយ។

3 ខ្ញុំ​បាន​មក​រក​អ្នក​រាល់​គ្នា ទាំង​ទន់​ខ្សោយ ទាំង​ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន។

4 ពាក្យ​សម្ដី និង​ការ​ប្រកាស​របស់​ខ្ញុំ មិន​មែន​ដោយ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ទេ គឺ​ដោយ​ការ​សម្ដែង​ចេញ​របស់​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា

5 ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស តែ​ពឹង​ផ្អែក​លើ​ព្រះ‌ចេស្តា​របស់​ព្រះ​វិញ។


ប្រាជ្ញា​របស់​ព្រះ

6 ក៏​ប៉ុន្តែ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ យើង​និយាយ​តាម​ប្រាជ្ញា តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប​សូន្យ​នោះ​ទេ

7 គឺ​យើង​និយាយ​តាម​ប្រាជ្ញា​របស់​ព្រះ ជា​សេចក្តី​អាថ៌‌កំបាំង ហើយ​បាន​លាក់​ទុក ដែល​ព្រះ​បាន​តម្រូវ​ទុក​មក តាំង​ពី​មុន​កំណើត​ពិភព‌លោក សម្រាប់​ជា​សិរីល្អ​ដល់​យើង។

8 គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។

9 ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»

10 ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។

11 ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។

12 ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

13 យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។

14 អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។

15 អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ គេ​ពិចារណា​យល់​គ្រប់​ទាំង‌អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ពិចារណា​យល់​ពី​អ្នក​នោះ​បាន​ឡើយ។

16 «ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់ ដើម្បី​នឹង​បង្រៀន​ព្រះ‌អង្គ​បាន? » តែ​យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្ទ​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម