Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។

2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​មិន​អាច​ដោះ​បន្ទុក​របស់​វា​បានផង គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

3 ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​សំណល់​នៃ​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ថែរក្សា​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត ហើយ​បាន​បីបាច់​តាំង​ពី​ផ្ទៃ​ម្តាយមក

4 ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។

5 តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​យើង​ដូច​ជា​អ្នក​ណា ហើយផ្ទឹម​យើង​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​យើង​ឲ្យ​បាន​ដូច​ជា​អ្នក​ណា?

6 ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។

7 គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។

8 ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​ពិចារណា​ចុះ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ។

9 ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ តាំង​ពី​បុរាណ ដ្បិត​យើង​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ យើង​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​យើង​សោះ

10 តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។

11 យើង​បាន​ហៅ​ឥន្ទ្រី​មួយ​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើង ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ យើង​បាន​ចេញ​វាចា​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង យើង​បាន​គិត​ស្រេច​ហើយ យើង​នឹង​ធ្វើ​ការ​នោះ។

12 ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​យើង​ចុះ

13 យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​យើង​ក៏​មិន​បង្អង់​ដែរ យើង​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន សម្រាប់​ពួក​អ៊ីស្រា‌អែល ដែល​ជា​សិរី‌ល្អ​របស់​យើង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម