Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទំនាយ​ពីការ​រំដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ

1 វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។

3 អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។

4 ជ័យ‌ភណ្ឌរបស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​ប្រមូល​យក ដូច​ចង្រិត​លើក​គ្នា​ប្រមូល ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ។

5 ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

6 ហើយ​ព្រះ‌អង្គ​ជា​ស្ថិរភាព​ក្នុង​គ្រារបស់​អ្នក សេចក្ដី​សង្គ្រោះ​យ៉ាង​បរិបូរ ប្រាជ្ញា និងតម្រិះ ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​កំណប់​ទ្រព្យ​របស់​ក្រុង​ស៊ីយ៉ូន។

7 មើល៍! ពួក​ទាហាន​ដ៏​អង់​អាច​របស់​គេ នាំ​គ្នា​ស្រែក​តាម​ដង​ផ្លូវ ឯ​ពួក​‌ទូត​ដែល​ចចាររក​សន្តិ​ភាព គេ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

8 ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។

9 ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ក្រោក​ឡើង ឥឡូវ​នេះ យើង​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ យើង​នឹង​បាន​តម្កើង​ឡើង​ហើយ។

11 អ្នក​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​អ្នក​រាល់​គ្នា​ជា​ភ្លើង ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន។

12 ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។

13 ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​យើង​បាន​ធ្វើ ហើយ​អ្នក​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​យើង​ចុះ។

14 ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន?

15 គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។

16 អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។


ទឹក​ដី​របស់​ស្ដេចដែលមាន​មេត្តា​ករុណា

17 «ភ្នែក​អ្នក​នឹង​បាន​ឃើញ​មហា‌ក្សត្រ មាន​ទាំង​សេចក្ដី​លម្អ​រុងរឿង​របស់​ព្រះ‌អង្គ គេ​នឹង​មើល​ទៅ​ឃើញ​ទឹក​ដីធំទូលាយ។

18 ចិត្ត​អ្នក​នឹង​នឹក​ជញ្ជឹង​ពី​ការ ដែល​បាន​នាំ​ឲ្យ​អ្នក​ភ័យ​ខ្លាច​នោះ​ថា "តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា? តើ​អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា? តើ​អ្នក​ដែល​រាប់​អស់​ទាំង​ប៉ម​នៅ​ឯ​ណា?

19 អ្នក​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សម្ដី​យ៉ាង​ជ្រៅ ដែល​អ្នក​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​អ្នក​យល់​មិន​បាន។

20 ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​អ្នក​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅដ៏​ស្ងប់​រម្ងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចម្រឹង មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង។

21 គឺ​ព្រះ‌យេហូវ៉ា​នឹង​គង់​ជា‌មួយ​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ។

22 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។

23 ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។

24 គ្មាន​អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុង​និយាយ​ថា "ខ្ញុំ​មាន​ជំងឺ" ទៀត​ឡើយ ព្រះ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម