Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 118 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្រៀង​ជ័យ​ជម្នះ

1 ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិតព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

2 ៙ ចូរឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។

3 ចូរ​ឲ្យ​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»

4 ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។

5 ៙ ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា បាន​ឆ្លើយ​តបមក​ខ្ញុំ ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។

6 ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

7 ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។

8 ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។

9 ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។

10 ៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ តែ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!

11 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស តែ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!

12 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!

13 គេ​បាន​ច្រានខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌យេហូវ៉ា​បាន​ជួយ​ខ្ញុំ។

14 ព្រះ‌យេហូវ៉ា ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។

15 ៙ នៅ​ក្នុងជំរំ​របស់​មនុស្ស​សុចរិត មាន​ចម្រៀង​យ៉ាង​សប្បាយ​រីករាយ អំពីការ​សង្គ្រោះ គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ

16 ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ!

17 ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។

18 ព្រះ‌យេហូវ៉ា បាន​វាយ​ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។

19 ៙ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ។

20 នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ។

21 ៙ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ ហើយ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ។

22 ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។

23 នេះ​ហើយ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ ជា​ការ​ដ៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ។

24 នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

25 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ សូម​សង្គ្រោះ​យើង​ខ្ញុំ! ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ​ជ័យ!

26 ៙ សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ! យើង​សូម​ឲ្យ‌ពរអ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

27 ព្រះ‌យេហូវ៉ា​ជា​ព្រះ ព្រះ‌អង្គ​បាន​ប្រទាន​ពន្លឺ​បំភ្លឺ​យើង ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា ដោយ​ខ្សែ​ចុះ!

28 ៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។

29 ៙ ឱ​ចូរ​អរ​ព្រះគុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម