អាយុជីវិតរបស់យើងឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នា។ មានពេលខ្លះយើងមានសុខភាពល្អ តែក៏មានពេលខ្លះយើងឈឺថ្កាត់ដែរ។ កាលនៅក្មេង យើងមានពេលវេលា មានកម្លាំង ហើយមានអារម្មណ៍ថាអាចធ្វើអ្វីបានទាំងអស់ តែជួនកាលក៏ឈប់ធ្វើដោយសារខ្វះខាតលុយកាក់។ ពេលធំឡើង មានការងារល្អ រកលុយបាន តែស្ទើរតែគ្មានពេលវេលាសម្រាប់គ្រួសារ និងមិត្តភក្តិ ហើយក្តីសុបិន្តដែលចង់បានក៏ហាក់ដូចជានៅឆ្ងាយ។ លុះដល់ចាស់ជរា មានលុយសន្សំខ្លះ មានពេលវេលាច្រើន តែកម្លាំងវិញបែរជាថយចុះ។ អ៊ីចឹងហើយ ចូរយើងចេះរីករាយនឹងគ្រប់ពេលវេលា គ្រប់វិនាទី ដោយមិនចង់បានអ្វីលើសពីអ្វីដែលយើងមិនអាចទទួលបាន ដូចព្រះគម្ពីរបានបង្រៀនថា ចូរឲ្យយើងពេញចិត្តនឹងអ្វីដែលយើងមាន (ភីលីព ៤:១១)។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក"
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។ ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ ព្រលឹងខ្ញុំស្រេកឃ្លានរកព្រះ គឺព្រះដ៏មានព្រះជន្មរស់ តើដល់កាលណាទើបខ្ញុំ នឹងមកឈរចំពោះព្រះអង្គ?
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។
ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ! ៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់
អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។
រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ!
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។
កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។
នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។
ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។
សូមអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គ ដោយស្មោះត្រង់អស់អំពីចិត្តប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំធេង ដែលព្រះអង្គបានប្រោសដល់អ្នករាល់គ្នា។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។
សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ ឯពន្លឺភ្លឺនៅចំពោះព្រះអង្គ មានព្រឹល និងរងើកភ្លើង ចេញមកតាមពពករបស់ព្រះអង្គ។ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។ ៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ ព្រះអង្គបានរំដោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ខ្ញុំដែរ ដ្បិតគេមានកម្លាំងជាងខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា គេនាំគ្នាសង្ខុញ មកលើខ្ញុំ ប៉ុន្តែ ព្រះយេហូវ៉ាជាជំនួយរបស់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដ្បិតព្រះអង្គរីករាយនឹងខ្ញុំ។ ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ព្រលឹងទូលបង្គំរឭក អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា ជាពន់ពេក ចិត្ត និងសាច់ឈាមទូលបង្គំ ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។ ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង!
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង"
ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើង ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជា នៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា។
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។
រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់វិញ នោះក៏ជាវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។
ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។ យើងចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យមានជំនឿពេញលេញដោយសង្ឃឹម រហូតដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។
ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។ ៙ ឱព្រះអើយ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ! ឱមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ! ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។