សង្ឃឹមគឺសំខាន់ណាស់ក្នុងជីវិតយើង។ ចូរមានសង្ឃឹមយ៉ាងមុតមាំលើព្រះជាម្ចាស់ ហើយជឿជាក់ថាអ្នកនឹងបានឃើញសេចក្ដីប៉ងប្រាថ្នាក្នុងចិត្តអ្នកបានសម្រេច។ ចូរតែងតែមានកម្លាំងចិត្ត និងសុទិដ្ឋិនិយមដើម្បីបន្តដំណើរទៅមុខរហូតដល់សម្រេចគោលដៅ។ ចូរខំប្រឹងប្រែងជានិច្ច ហើយផ្ញើអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាទៅក្នុងព្រះហស្តរបស់ព្រះវរបិតាសួគ៌។
ក្នុងនាមជាគ្រីស្ទាន ចូរកុំបាត់បង់សង្ឃឹមថាយើងនឹងបានឃើញព្រះអម្ចាស់មុខទល់នឹងមុខ។ ដោយសារតែព្រះយេស៊ូគ្រីស្ទបានលះបង់ព្រះជន្ម យើងទាំងអស់គ្នាបានសង្គ្រោះដោយព្រះគុណ ហើយយើងនឹងនៅជាមួយទ្រង់ជារៀងរហូត។ ការមានសង្ឃឹមលើព្រះជាម្ចាស់នឹងរំដោះអ្នកពីការភ័យខ្លាចអនាគត និងភាពមិនប្រាកដប្រជា។ ចូរជឿជាក់លើព្រះជាម្ចាស់ជានិច្ច ព្រោះទ្រង់នឹងប្រទានកម្លាំងដល់អ្នកឲ្យយកឈ្នះលើរាល់ឧបសគ្គទាំងអស់។ ដូចដែលបានចែងក្នុងគម្ពីរយេរេមា ២៩:១១ (យេ. ២៩:១១) ថា «ដ្បិតអញស្គាល់គំនិតដែលអញមានចំពោះឯងរាល់គ្នាហើយ គឺជាគំនិតឲ្យឯងរាល់គ្នាបានចម្រើនឡើង មិនមែនឲ្យវិនាសឡើយ គឺជាគំនិតដើម្បីឲ្យឯងរាល់គ្នាមានសេចក្ដីសង្ឃឹមនឹងអនាគត»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
រីឯទូលបង្គំវិញ ទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងរឹតតែសរសើរតម្កើងព្រះអង្គថែមទៀត។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត? តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។ ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។ ដូចដែលបាបបានសោយរាជ្យលើសេចក្ដីស្លាប់យ៉ាងណា នោះព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត ដែលនាំឲ្យមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងយ៉ាងនោះដែរ។ មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា ទតមកលើអស់អ្នក ដែលកោតខ្លាចព្រះអង្គ គឺមកលើអស់អ្នកដែលសង្ឃឹម ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។ ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង ហើយលើកទំនុកថ្វាយព្រះអង្គ ដោយដេញពិណខ្សែដប់! ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អ្នកនឹងមានអ្នកការពារជុំវិញ ហើយសម្រាកដោយសុខសាន្ត។
នៅពេលអស់សង្ឃឹម លោកជឿទាំងសង្ឃឹមថា លោកនឹងបានទៅជាឪពុកដល់សាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងបានដូច្នោះ» ។
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។
តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។ ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ហេតុនេះហើយបានជាចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅ ដោយសាន្តត្រាណដែរ។
អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ នឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុប៉ុណ្ណោះ ដែលត្រូវខ្មាស។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់ ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន ការសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯង នឹងមិនត្រូវកាត់បង់ឡើយ។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។ ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ កាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ!
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។ ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់មនុស្ស។ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់ពួកអ្នកធំ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។
ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។ ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។ ព្រះយេហូវ៉ាជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។ ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។ ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។
ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា ហើយមិនមើលងាយពាក្យទូលអង្វរ របស់គេឡើយ។
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។ ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។ ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក!
៙ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់»។
យើងចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យមានជំនឿពេញលេញដោយសង្ឃឹម រហូតដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី ហើយក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះ ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្ញុំនឹងឃើញ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។
ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា រីករាយឡើង! ស្រុកគេមានសត្វកង្កែបពេញដេរដាស សូម្បីតែនៅក្នុងក្រឡាបន្ទំរបស់ស្តេចក៏មានដែរ។ ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។ ព្រះអង្គប្រទានព្រឹលឲ្យគេជំនួសភ្លៀង ហើយរន្ទះក៏បាញ់ឆេះពេញក្នុងស្រុករបស់គេ។ ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់គេ ក៏បំបាក់ដើមឈើទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ។ ព្រះអង្គមានព្រះបន្ទូល នោះក៏មានកណ្តូបហើរមក ហើយក៏មានចង្រិតច្រើនឥតគណនា។ សត្វទាំងនោះស៊ីបំផ្លាញ អស់ទាំងដំណាំនៅក្នុងស្រុក ហើយស៊ីភោគផលដែលដុះចេញពីដីរបស់គេ។ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។ ៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។ កាលគេបានចាកចេញទៅ សាសន៍អេស៊ីព្ទក៏អរសប្បាយ ដ្បិតគេភ័យខ្លាចពួកអ៊ីស្រាអែលជាខ្លាំង។ ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង! ឱព្រះសង្គ្រោះនៃអស់អ្នក ដែលស្វែងរកទីពឹងជ្រក ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ ឲ្យរួចពីពួកបច្ចាមិត្តអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គផង។
ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។ ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។ មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។ ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។ ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ! សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ចេញពីខ្ញុំដែរ!
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង និងព្រះគ្រីស្ទយេស៊ូវ ជាទីសង្ឃឹមនៃយើង
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ដ្បិតនៅក្នុងព្រះអង្គ គ្រប់ទាំងសេចក្តីសន្យារបស់ព្រះ សុទ្ធតែ «បាទ» ទាំងអស់។ ហេតុនេះហើយបានជាតាមរយៈព្រះអង្គ យើងពោលថា «អាម៉ែន» សម្រាប់ជាសិរីល្អរបស់ព្រះ។
ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។