ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានឫទ្ធានុភាព អាចផ្លាស់ប្តូរជីវិតយើងបាន។ មានខគម្ពីរជាច្រើនដែលយើងបានស្ដាប់ហើយមានអនុភាពអាចផ្លាស់ប្តូរចិត្តគំនិត និងរបៀបរស់នៅរបស់យើង។ ខគម្ពីរទាំងនោះ យើងតែងតែរៀន ដើម្បីយកទៅអនុវត្តក្នុងស្ថានភាពនីមួយៗ។
«ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ ដោយសារព្រះគ្រីស្ទដែលផ្ដល់កម្លាំងដល់ខ្ញុំ» (ភីលីព ៤:១៣)។ នេះជាខគម្ពីរមួយដែលយើងតែងតែរៀន ហើយយើងប្រើវានៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។
«ដ្បិតព្រះជាម្ចាស់ស្រឡាញ់លោកីយ៍យ៉ាងខ្លាំង ដល់ nỗi បានប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺនឹងបានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។ នេះជាខគម្ពីរដ៏សំខាន់បំផុត ហើយជាខគម្ពីរមួយក្នុងចំណោមខគម្ពីរដំបូងៗ ដែលគេប្រាប់យើងពេលយើងទើបស្គាល់ព្រះយេស៊ូវគ្រីស្ទជាម្ចាស់។ នៅមានខគម្ពីរជាច្រើនទៀតដែលសំខាន់ ហើយអ្នកអាចរកវាបាន។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
អ្នកណាដែលមានតម្រិះ រមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះ ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា ចូរផ្ទៀងត្រចៀកស្តាប់ពាក្យ ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់ខ្ញុំចុះ
មនុស្សមានប្រាជ្ញាមានកម្លាំងខ្លាំង ហើយអ្នកដែលមានតម្រិះ មានកម្លាំងកាន់តែខ្លាំងឡើង
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ចូរទូន្មាន មនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា រមែងចាប់បានព្រលឹងមនុស្ស។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។
ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
ត្រចៀកណាដែលស្តាប់តាម សេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
ឯប្រាជ្ញារមែងនៅចំពោះមុខ មនុស្សដែលមានតម្រិះ តែភ្នែកមនុស្សល្ងីល្ងើ មើលទៅឯចុងផែនដីបំផុតវិញ។
ពាក្យសម្ដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។ មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើននោះ ទើបបានជ័យជម្នះ។
អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។
អ្នកដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ? មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។
កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងឯង ហើយជាគ្រឿងលម្អនៅកឯង។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
ពាក្យបន្ទោសតែមួយម៉ាត់ តែងមុតចូលទៅក្នុងចិត្ត របស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ មួយរយរំពាត់ទៅទៀត។
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសម្រេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
អ្នកណាដែលគ្របបាំងសេចក្ដីកំហុស របស់អ្នកដទៃ នោះជាអ្នកស្វែងរក សេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញ។
ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន?
បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។
អ្នកដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬ មានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
ដ្បិតអ្នកណាដែលគាប់ព្រះហឫទ័យព្រះ នោះព្រះអង្គ ប្រទានឲ្យអ្នកនោះមានប្រាជ្ញា តម្រិះ និងសេចក្ដីរីករាយ តែឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកប្រគល់ឲ្យអ្នកដែលគាប់ព្រះហឫទ័យព្រះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។
សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសម្ដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាត គេតែងគ្របបាំងសេចក្ដីខ្មាសវិញ។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស ដែលគិតគូរបង្កើតការអាក្រក់ តែមានអំណរសម្រាប់មនុស្ស ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ ក្រែងឯងទម្លាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។
ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
បើដែករិល ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកម្លាំងខ្លាំង រីឯប្រាជ្ញាតែងជួយឲ្យមានជោគជ័យ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះ នឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់។
អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
ចិត្តរីករាយតែងតែបណ្ដាលឲ្យ មានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែក ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។
ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។
សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។
អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។
ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។
ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។ ដូច្នេះ នៅពេលអនាគត សេចក្ដីសង្ឃឹម នឹងមិនខាតបង់ឡើយ។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
ជញ្ជីង និងត្រាជូត្រឹមត្រូវ នោះជារបស់ព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។
ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។