ទំនុកតម្កើង 112 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពររបស់មនុស្សសុចរិត 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ 2 ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ 3 ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។ 4 មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។ 5 អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។ 6 ដ្បិតមនុស្សសុចរិតមិនត្រូវរង្គើឡើយ គេតែងនឹកចាំពីអ្នកនោះជារៀងរហូត។ 7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។ 8 ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។ 9 គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។ 10 មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia