ទំនុកតម្កើង 57 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការសរសើរតម្កើង និងការធានាអះអាងពេលមានការបៀតបៀន ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សូមកុំបំផ្លាញ» នៅគ្រាដែលព្រះអង្គរត់ពីស្តេចសូលទៅនៅក្នុងរូងថ្ម។ 1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។ 2 ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។ 3 ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ ត្រូវអាម៉ាស់។ –បង្អង់ ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក! 4 ៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។ 5 ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។ 6 ៙ គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ ព្រលឹងទូលបង្គំបានស្រុតចុះ។ គេបានជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់ 7 ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក! 8 ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង ឱពិណ និងស៊ុងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង! 9 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។ 10 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ 11 ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។ |
© 2016 United Bible Societies
Bible Society in Cambodia