Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 92 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​ព្រះគុណ​សម្រាប់​ព្រះ​ពរ​របស់​ព្រះ
ទំនុក​តម្កើង។ ជា​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​សប្ប័ទ។

1 នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!

2 ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់

3 ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​ដប់ និង​ពិណ ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក!

6 មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់ ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ

7 ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅ ហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត លូត​លាស់​ឡើង​ក៏​ដោយ ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត

8 រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។

9 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។

10 ៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។

11 ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។

12 ៙ មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង ដូច​ដើម​លម៉ើ ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ នៅ​លើ​ភ្នំ​ល្បាណូន។

13 គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌យេហូវ៉ា គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះ​នៃ​យើង។

14 គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច

15 ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម