អេសាយ 61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដំណឹងល្អស្តីអំពីការសង្គ្រោះ 1 ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង 2 ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក 3 ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។ 4 គេនឹងសង់អស់ទាំងទីក្រុង ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ និងទីកន្លែងដែលចោលស្ងាត់ជាច្រើនជំនាន់នោះឡើងវិញ។ 5 គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក មនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។ 6 តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។ 7 អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។ 8 ដ្បិតយើងគឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្តិធម៌ យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត ហើយយើងនឹងតាំងសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។ 9 គេនឹងស្គាល់ពូជពង្សរបស់អ្នក នៅកណ្ដាលអស់ទាំងសាសន៍ ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។ 10 ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។ 11 ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia