Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 86 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​ទូល​អង្វរ​សុំ​ជំនួយ​ទាស់​នឹង​ខ្មាំង​សត្រូវ
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ព្រោះ​ទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។

2 សូម​រក្សា​កាពារ​ជីវិត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​នេះ​ផង។

3 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ។

4 សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

5 ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​អត់​ទោស ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

6 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។

7 នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។

8 ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។

9 ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

10 ដ្បិត​ព្រះ‌អង្គ​ធំ ហើយ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ។

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

12 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។

13 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​ទូល‌បង្គំ ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ៏​ជ្រៅ​បំផុត។

14 ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។

15 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។

16 សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រទាន​កម្លាំង​របស់​ព្រះ‌អង្គ ដល់​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​កូន​របស់​ស្ត្រី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។

17 សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម