Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​ពរ សម្រាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ

1 ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​លុង​ជា​រណ្តៅ​ដែល​ជា​កន្លែង បាន​ជីក​យក​អ្នក​ឡើង​មក​នោះ

2 ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។

3 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។

4 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ប្រុង​ស្តាប់​តាម​យើង ឱ​សាសន៍​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​យើង​ចុះ ដ្បិត​នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍។

5 ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។

6 ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

7 អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន​ជាតិ​ដែល​មាន​ច្បាប់​របស់​យើង​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្ដាប់​តាម​យើង​ចុះ កុំ​ខ្លាច​សេចក្ដី​ត្មះ‌តិះ‌ដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ។

8 ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចោះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង មាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។

9 ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ?

10 តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?

11 ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេនឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​អំណរ ឯ​ទុក្ខ​ព្រួយ និង​ដំងូរ ត្រូវខ្ចាត់​បាត់​ទៅ។

12 យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?

13 អ្នក​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ដែល​ព្រះ‌អង្គ​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​ថ្ងៃ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​អ្នក តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ តើ​នៅឯ​ណា?

14 បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ។

15 ដ្បិត​យើង ជា​យេហូវ៉ា គឺ​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល ដែល​រលក​កម្រើក​ឡើង ឮ​សន្ធឹក នាម​របស់​យើង គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។

16 យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

17 ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ អ្នក​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ។

18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សម្រាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទី​ក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ។

19 សេចក្ដី​ទាំង​ពីរ​មុខ​នេះ បាន​ធ្លាក់​មក​លើ​អ្នក​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ណា​សោក​ស្តាយ​នឹងអ្នក? ក៏​មាន​អំណត់ និង​ដាវ​ផង តើ​អ្នក​ណា​នឹង​កម្សាន្ត​ចិត្ត​អ្នក​បាន?

20 ពួក​កូន​ប្រុស​របស់​អ្នក​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ដង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​អន្ទាក់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​នៃ​ព្រះ​របស់​អ្នក។

21 ដូច្នេះ អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ

22 ព្រះ‌អម្ចាស់​នៃ​អ្នក គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ ដែល​កាន់​ក្តី​ជំនួស​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ។

23 យើង​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ​អ្នក ឲ្យ​ខ្នង​អ្នក​បាន​រាប​ដូច​ជា​ដី សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម