ទំនុកតម្កើង 42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ភាគទីពីរ ចិត្តដែលដង្ហក់រកព្រះ និងជំនួយពីព្រះអង្គនៅពេលជួបទុក្ខលំបាក ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។ 1 ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។ 2 ព្រលឹងខ្ញុំស្រេកឃ្លានរកព្រះ គឺព្រះដ៏មានព្រះជន្មរស់ តើដល់កាលណាទើបខ្ញុំ នឹងមកឈរចំពោះព្រះអង្គ? 3 ទាំងថ្ងៃទាំងយប់ ខ្ញុំមានតែទឹកភ្នែកជាអាហារ គេពោលមកខ្ញុំជាប់ជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» 4 ៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។ 5 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ 6 ៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ 7 ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ 8 នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ 9 ៙ ខ្ញុំទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា «ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែខ្មាំងសត្រូវ សង្កត់សង្កិនសត្រូវដូច្នេះ?» 10 ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» 11 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia