២ កូរិនថូស 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។ អំណររបស់លោកប៉ុលចំពោះការប្រែចិត្តរបស់ក្រុមជំនុំ 2 ចូរអ្នករាល់គ្នាទទួលយើងចុះ យើងមិនបានធ្វើខុសនឹងអ្នកណា មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាម្នាក់ឡើយ។ 3 ខ្ញុំនិយាយដូច្នេះ មិនមែនប្រកាន់ទោសអ្នករាល់គ្នាទេ ដ្បិតខ្ញុំបាននិយាយពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ហើយយើងស៊ូស្លាប់រស់ជាមួយគ្នា។ 4 ខ្ញុំទុកចិត្តអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំង ខ្ញុំមានចិត្តពេញដោយសេចក្តីក្សេមក្សាន្ត ខ្ញុំមានអំណរលើសលុប ក្នុងគ្រប់ទាំងសេចក្តីវេទនារបស់យើង។ 5 ដ្បិតកាលយើងបានចូលទៅក្នុងស្រុកម៉ាសេដូន រូបកាយរបស់យើងមិនបានសម្រាកសោះ យើងបានរងទុក្ខវេទនាគ្រប់ជំពូក គឺខាងក្រៅមានការតតាំង ហើយខាងក្នុងមានការភ័យខ្លាច។ 6 ប៉ុន្តែ ព្រះដែលកម្សាន្តចិត្តអ្នកទន់ទាប ទ្រង់បានកម្សាន្តចិត្តយើង ដោយការមកដល់របស់លោកទីតុស 7 ហើយមិនមែនត្រឹមតែការមកដល់របស់គាត់ប៉ុណ្ណោះ គឺដោយការក្សេមក្សាន្តចិត្ត ពីដំណើរដែលអ្នករាល់គ្នាបានកម្សាន្តចិត្តគាត់ ពេលគាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងពីសេចក្តីខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តត្រេកអររឹតតែខ្លាំងឡើង។ 8 ដ្បិតប្រសិនបើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសារសំបុត្ររបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនស្តាយក្រោយដែរ (ទោះជាខ្ញុំបានស្តាយក្រោយមែនក៏ដោយ) ព្រោះខ្ញុំយល់ឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដែលសូម្បីតែមួយគ្រាមែន 9 តែឥឡូវនេះ ខ្ញុំត្រេកអរ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តនោះទេ តែដោយព្រោះការព្រួយចិត្តដែលនាំឲ្យអ្នករាល់គ្នាប្រែចិត្តនោះវិញ ដ្បិតអ្នករាល់គ្នាព្រួយចិត្តដែលគាប់ព្រះហឫទ័យព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយសារយើងឡើយ។ 10 ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។ 11 ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ។ 12 ដូច្នេះ ទោះជាខ្ញុំសរសេរមកអ្នករាល់គ្នាក៏ដោយ តែមិនមែនដោយព្រោះអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសមកលើខ្លួននោះទេ គឺដើម្បីបង្ហាញឲ្យឃើញពីចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង នៅចំពោះព្រះវិញ។ 13 ហេតុនេះហើយបានជាយើងបានក្សាន្តចិត្ត ប៉ុន្តែ លើសពីការកម្សាន្តរបស់យើង យើងរឹតតែមានអំណរខ្លាំងថែមទៀត ដោយឃើញអំណររបស់លោកទីតុស ដ្បិតអ្នករាល់គ្នាបានធ្វើឲ្យចិត្តរបស់គាត់បានធូរស្បើយ។ 14 ប្រសិនបើខ្ញុំបានអួតពីការខ្លះរបស់អ្នករាល់គ្នាខ្លះប្រាប់គាត់ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្តីដែលយើងបានអួតពីអ្នករាល់គ្នាប្រាប់លោកទីតុស ជាសេចក្ដីពិតយ៉ាងណា នោះអ្វីៗដែលយើងបានប្រាប់អ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ។ 15 គាត់មានចិត្តស្រឡាញ់អ្នករាល់គ្នារឹតតែខ្លាំងឡើងៗ ពេលគាត់នឹកចាំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា និងពីដំណើរដែលអ្នករាល់គ្នាទទួលគាត់ ដោយចិត្តកោតខ្លាច និងញាប់ញ័រ។ 16 ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្តអ្នករាល់គ្នាបាន ក្នុងគ្រប់ការទាំងអស់។ |
© 2016 United Bible Societies
Bible Society in Cambodia