ទំនុកតម្កើង 56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលជួបការបៀតបៀន ចូរទុកចិត្តដល់ព្រះ ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សត្វព្រាបគនៅស្រុកឆ្ងាយ» នៅគ្រាដែលសាសន៍ភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាថ។ 1 ឱព្រះអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ គេវាយប្រហារ ហើយសង្កត់សង្កិន ទូលបង្គំរាល់ថ្ងៃ។ 2 ខ្មាំងសត្រូវរបស់ទូលបង្គំ ជាន់ឈ្លីទូលបង្គំរាល់ថ្ងៃ ដ្បិតមានមនុស្សជាច្រើនវាយប្រហារទូលបង្គំ ទាំងចិត្តអួតអាង។ 3 ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ 4 ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន? 5 គេមួលបង្កាច់ពាក្យខ្ញុំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេ សុទ្ធតែប៉ងធ្វើអាក្រក់ដល់ខ្ញុំ។ 6 គេរករឿងឈ្លោះប្រកែក គេពួនខ្លួន គេឃ្លាំមើលជំហានរបស់ខ្ញុំ ព្រោះគេរកឱកាសនឹងសម្លាប់ខ្ញុំ។ 7 ៙ តើគេនឹងគេចផុតដោយអំពើអាក្រក់ របស់គេបានឬ? ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។ 8 ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ? 9 ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។ 10 ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះយេហូវ៉ា ខ្ញុំសរសើរតម្កើងព្រះបន្ទូលព្រះអង្គ 11 នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? 12 ៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។ 13 ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។ |
© 2016 United Bible Societies
Bible Society in Cambodia