ទំនុកតម្កើង 116 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអរព្រះគុណសម្រាប់ការប្រោសឲ្យជា 1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ 2 ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។ 3 អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។ 4 ពេលនោះ ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង!» 5 ៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។ 6 ព្រះយេហូវ៉ាជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។ 7 ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។ 8 ៙ ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំ ហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។ 9 ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់។ 10 ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។ 11 ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។ 12 ៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? 13 ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា 14 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។ 15 ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។ 16 ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ 17 ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។ 18 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ 19 នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា ! |
© 2016 United Bible Societies
Bible Society in Cambodia