Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សេចក្ដី​សញ្ញា​សន្តិភាព​នៅ​អស់កល្ប​ជា‌និច្ច

1 ឱ​ស្ត្រី​អារ​ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្តី​ទៅ​ទៀត។

2 ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​អ្នក​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ សំពត់​ត្រសាល​របស់​អ្នក​ទៅ កុំ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។

3 ដ្បិត​អ្នក​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាប់​បាន អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់ បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។

4 កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។

5 ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។

6 ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​បាន​ហៅ​អ្នក​ទុក​ដូច​ជា​ស្ត្រី ដែល​ប្តី​បោះ‌បង់​ចោល ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំលោះ ដែល​ត្រូវ​បង់​ចោល​ហើយ។

7 ដ្បិត​យើងបាន​បោះ‌បង់​ចោល​អ្នក​តែ​មួយ​ភ្លែត​ទេ តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង។

8 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។

9 ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។

10 ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។

11 ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កម្សាន្ត​ចិត្ត​អើយ យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​អ្នក​ដោយ​ត្បូង​កណ្តៀង។

12 យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។

13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។

14 អ្នក​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។

15 ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក នោះ​មិន​មែន​មក​ពី​យើង​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​អ្នក។

16 មើល៍ គឺ​យើង​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សម្រាប់​នឹង​បំផ្លាញ។

17 ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើនោះ គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កម្រើក ទាស់​នឹង​អ្នក​ក្នុង​រឿង​ក្តី នោះ​អ្នក​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មត៌ក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម