១ យ៉ូហាន 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការល្បងមើលវិញ្ញាណ 1 ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។ 2 យើងស្គាល់ព្រះវិញ្ញាណរបស់ព្រះដោយសារសេចក្ដីនេះ គឺអស់ទាំងវិញ្ញាណណាដែលប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម វិញ្ញាណនោះហើយមកពីព្រះ 3 តែវិញ្ញាណណាដែលមិនព្រមប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងព្រះគ្រីស្ទវិញ ជាវិញ្ញាណដែលអ្នករាល់គ្នាបានឮថា កំពុងតែមក ហើយឥឡូវនេះនៅក្នុងលោកីយ៍ស្រាប់។ 4 ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។ 5 ពួកនោះមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីដែលគេនិយាយចេញពីលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ។ 6 ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ 7 ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ 8 អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់។ 9 នេះជាសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានសម្តែងមកក្នុងចំណោមយើង គឺព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គតែមួយឲ្យមកក្នុងលោកនេះ ដើម្បីឲ្យយើងបានរស់ដោយសារព្រះរាជបុត្រា។ 10 នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនថាយើងបានស្រឡាញ់ព្រះនោះទេ គឺព្រះអង្គបានស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាព្រះអង្គមក ទុកជាតង្វាយលោះបាបយើងផង។ 11 ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងខ្លាំងដល់ម៉្លេះ នោះយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 12 គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏នឹងពេញខ្នាតនៅក្នុងយើងដែរ។ 13 យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ 14 យើងបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា មកធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោក។ 15 អ្នកណាដែលប្រកាសថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះ ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់ក្នុងព្រះដែរ។ 16 យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។ 17 ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។ 18 គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។ 19 ឯយើងវិញ យើងស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ 20 ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។ 21 យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia