Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 73 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ភាគ​ទីបី ពាក្យ​ទូលអង្វរសូមឲ្យ​មាន​ចិត្ត​ស្រាក​ស្រាន្តពីពួក​មនុស្ស​សង្កត់​សង្កិន
ទំនុក​របស់​លោក​អេសាភ។

1 ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។

2 តែ​ឯ​ទូល‌បង្គំ​វិញ ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ។

3 ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។

4 ៙ ដ្បិត​គេ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ​រហូត​ដល់​ស្លាប់ រូប​កាយ​របស់​គេ​ធាត់​រលោង។

5 គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។

6 គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។

7 ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។

8 គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ពាក្យអាក្រក់ គេ​ស្រែក​គំរាម​ក្ដែងៗ​ពី​ការ​សង្កត់​សង្កិន។

9 គេ​តាំង​មាត់​របស់​គេ​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្ដាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

10 ៙ ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងាក​ទៅ​សរសើរ​គេ ហើយ​មិន​ឃើញ​ថា​គេ​មាន​កំហុស​អ្វី​ឡើយ ។

11 គេ​ពោល​ថា «ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន? តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?»

12 មើល៍ នេះ​ហើយ​មនុស្ស​អាក្រក់ គេ​ចេះ​តែ​សុខ​ស្រួល​ជានិច្ច ទ្រព្យ‌សម្បត្តិ​គេ​ចេះ​តែ​ចម្រើន​ឡើង​រហូត។

13 ឯ​ទូល‌បង្គំ​ដែល​បាន​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ។

14 ដ្បិត​ទូល‌បង្គំជួបទុក្ខ​លំបាក​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ​ផ្ចាល​រាល់​ព្រឹក។

15 ៙ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិន​ខាន។

16 តែ​កាល​ទូល‌បង្គំ​គិត​ពិចារណា ចង់​យល់​ពី​រឿង​នេះ នោះ​ពិបាក​យល់​ដល់​ទូល‌បង្គំ​ណាស់

17 រហូត​ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង ទី​បរិសុទ្ធ​របស់​ព្រះ នោះ​ទើប​ទូល‌បង្គំ​យល់​ពី​ចុង​បញ្ចប់​របស់​គេ។

18 តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ឲ្យ​គេ ឈរ​នៅ​កន្លែង​ដ៏​រអិល ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅក្នុងសេចក្ដី​វិនាស។

19 គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!

20 គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។

21 ៙ កាល​ទូល‌បង្គំ​កើត​មាន​ចិត្តជូរ​ល្វីង កាល​ទូល‌បង្គំ​ឈឺចាប់​ក្នុង​ទ្រូង

22 នោះ​ទូល‌បង្គំ​មិន​យល់ ហើយ​ល្ងង់​ខ្លៅ ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ព្រះ‌អង្គ។

23 ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​ជាមួយ​ព្រះ‌អង្គ​ជា‌និច្ច ព្រះ‌អង្គ​កាន់​ដៃ​ស្តាំរបស់​ទូល‌បង្គំ។

24 ព្រះ‌អង្គ​នាំ​ទូល‌បង្គំ ដោយព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​នៅ​ទីបំផុត ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​សិរី‌ល្អ។

25 នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ណា ក្រៅ​ពី​ព្រះ‌អង្គ? ហើយគ្មានអ្វី​នៅលើ​ផែនដី ដែល​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

26 សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

27 ៙ ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។

28 រីឯ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ទី​ជ្រកកោន ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់ ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម