Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្រៀង​ថ្លែង​អំពី​ការ​ទុក​ចិត្ត​ដល់​ព្រះ‌តែ​មួយ​ព្រះ‌អង្គ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ជូន​លោក​យេឌូថិន ។

1 ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។

2 ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។

3 តើ​អ្នក​រាល់​គ្នា​នឹង​ព្រួត​គ្នា​វាយ​ផ្ដួល​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ​ដល់កាល​ណា​ទៀត? អ្នក​នោះ​ដូច​ជា​កំផែង​ដែល​ទ្រេត ដូច​ជា​របង​ដែល​ចង់​រលំ​ទៅ​ហើយ។

4 គម្រោង​ការ​របស់​គេ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ ធ្លាក់ពី​តំណែង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​របស់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្ដាសា​វិញ។ –បង្អង់

5 ៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។

6 ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។

7 ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។

8 ឱ​ប្រជាជន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា ចូរ​ថ្លែង​រៀប​រាប់​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង។ –បង្អង់

9 ៙ អស់​អ្នក​ដែល​ទន់ទាប នៅ​តែ​មួយ​ដង្ហើម​ទេ ឯ​អស់​អ្នក​ដែល​ខ្ពង់​ខ្ពស់ ក៏​ជា​សេចក្ដី​បញ្ឆោត​ដែរ បើ​ថ្លឹង​គេ​នឹង​ជញ្ជីង នោះ​មាន​ខ្ពស់​ទាប តែ​ទាំង​អស់​គ្នា​ស្រាល​ជាង ខ្យល់​មួយ​ដង្ហើម​ទៅ​ទៀត។

10 កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។

11 ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ

12 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម