Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពួក​និរទេស​បាន​វិល​ត្រឡប់​មកវិញ​ដោយ​អំណរ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

2 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​យើង​ទៅ​ប្រោស ឲ្យ​បាន​សេចក្ដី​សម្រាក។

3 ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​គាត់ ឃើញ​ពី​ចម្ងាយ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ស្រឡាញ់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាញ​អ្នក​មក ដោយ​សេចក្ដី​សប្បុរស។

4 ឱ​នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​សង់​អ្នក​ឡើង​វិញ​ម្ដងទៀត ហើយ​អ្នក​នឹង​បាន​តាំង​ឡើង អ្នក​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី ព្រម​ទាំង​ចេញ​ទៅ​លោត​កព្ឆោង ជា‌មួយ​ពួក​អ្នក​ដែល​លេង​សប្បាយ។

5 អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។

6 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រាអិម នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។

7 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។

8 មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។

9 គេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។

10 ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

11 ព្រោះ​ព្រះ‌យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។

12 គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។

13 គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។

14 យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​យើង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ។

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទប់​សំឡេង​អ្នក​មិន​ឲ្យ​យំ និង​ភ្នែក​អ្នក​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ កិច្ច‌ការ​របស់​អ្នក​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ។

17 ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ចុង​បំផុត​របស់​អ្នក កូន​ចៅ​អ្នក​នឹង​វិល​មក​ព្រំ‌ដែន​របស់​គេ​វិញ។

18 ពិត​ប្រាកដ​ជា​យើង​បាន​ឮ​ពួក​អេប្រាអិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ ដែល​មិន​ធ្លាប់​ទឹម សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ។

19 ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។

20 តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ? តើ​ជា​កូន​សំណព្វ​ឬ? ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។ ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

21 ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ

22 ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ តើ​នាង​នៅ​តែ​ដើរ​សាត់​អណ្តែត​ដល់​កាល​ណា​ទៀត? ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ការ​មួយ​ថ្មី​នៅ​លើ​ផែនដី គឺ​ស្ត្រី​ហ៊ុម​ព័ទ្ធ​បុរស ។

23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កាល​ណា​យើង​នាំ​ពួក​គេ ដែល​ជា​ឈ្លើយ​មក​វិញ នៅ​ក្នុង​ស្រុក​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក

24 ស្រុក​យូដា និង​ទី​ក្រុងទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នឹង​នៅ​ទី​នោះជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ និង​អស់​អ្នក​ដែល​ដើរ​ចុះ​ឡើង ក៏​នៅជា‌មួយ​ហ្វូង​សត្វ​របស់​គេ​ដែរ។

25 ដ្បិត​យើង​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ឯ​ព្រលឹង​ព្រួយ​លំបាក យើង​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ។

26 មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ពេល​នោះ ខ្ញុំ​ដេក​លក់​ស្កប់​ស្កល់​ណាស់។

27 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

28 ដែល​យើង​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​យើង​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

29 នៅ​គ្រា​នោះ គេ​លែង​និយាយ​ថា៖ ឪពុក​បាន​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​កូនបែរ​ជា​សង្កៀរ​ធ្មេញ

30 គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ។


សេចក្ដីសញ្ញា​ថ្មី

31 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

32 មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​បុព្វបុរស​របស់​គេ នៅគ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​គេ​បាន​ផ្តាច់​ចេញ ទោះ​បើ​យើង​ជា​ប្ដី​របស់​គេ​ក៏​ដោយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

33 គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា គឺ​យ៉ាង​ដូច្នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

34 បន្ទាប់​មក គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​បង‌ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា៖ ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​យើង​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​រៀង​រហូត​ទៅ។

35 ព្រះ​ដែល​ប្រទាន​ព្រះ‌អាទិត្យ សម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖

36 បើ​បញ្ញត្តិ​ច្បាប់​ទាំង​នេះ ឃ្លាត​ចេញ​ពី​មុខ​យើង​ទៅ​កាល​ណា នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ពូជ​អ៊ីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ នៅ​មុខ​យើង​ជា​រៀង​រហូត​ដែរ។

37 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន យើង​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល ដោយ​ព្រោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

38 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង។

39 គេ​នឹង​យក​ខ្សែ​រង្វាស់​វាស់​ចេញ​ទៅ​ដល់​ភ្នំ​ការេប ហើយ​បត់​មក​ដល់​កូអាត។

40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម