Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះពរ​ដ៏​ពិត​ប្រាកដ
(លូកា ៦.២០-២៦ )

1 ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ កាល​បាន​គង់​ចុះ​ហើយ ពួក​សិស្ស​ក៏​ចូល​មក​រក​ព្រះ‌អង្គ។

2 ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖

3 «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

4 មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។

5 មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មត៌ក។

6 មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

7 មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។

8 មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។

9 មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។

10 មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

11 អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។

12 ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​ពួក​ហោរា​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។


អំបិល និង​ពន្លឺ
(ម៉ាកុស ៩.៥០-៥១ លូកា ១៤.៣៤-៣៥ )

13 «អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ប៉ុណ្ណោះ។

14 អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។

15 គ្មាន​អ្នក​ណា​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​នោះ​ទេ គឺ​គេ​ដាក់​វា​លើ​ជើង​ចង្កៀង​វិញ ទើប​ចង្កៀង​នោះ​ភ្លឺ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ផ្ទះ។

16 ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​ដល់​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌»។


គម្ពីរ​វិន័យ និង​ពួក​ហោរា

17 «កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​លុប​បំបាត់​ក្រឹត្យ‌វិន័យ ឬ​គម្ពីរ​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​លុប​បំបាត់​ចោល​ទេ គឺ​មក​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​វិញ ។

18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ត្រូវ​បាត់​ឡើយ គឺ​រហូត​ទាល់​តែ​គ្រប់​ទាំង​អស់​បាន​សម្រេច។

19 ដូច្នេះ អ្នក​ណា​ដែល​រំលង​បទ‌បញ្ជា​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​ចំណោម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម ហើយ​បង្រៀន​បទ‌បញ្ជា​ទាំង​នេះ នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​វិញ។

20 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្តី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​លើស​ពី​សេចក្តី​សុចរិត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ»។


ព្រះ‌បន្ទូល​អំពី​កំហឹង

21 «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ អ្នក​ណា​សម្លាប់​មនុស្ស នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ"។

22 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

23 ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​មក​ថ្វាយ​នៅ​នឹង​អាសនា ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា បង‌ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក

24 នោះ​ត្រូវ​ទុក​តង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ជា​នា​នឹង​បង‌ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក។

25 ចូរ​ទៅ​ស្រុះ​ស្រួល​ជា​មួយ​ដើម​ចោទ​ជា​ប្រញាប់ កាល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​តុលាការ​ជា​មួយ​អ្នក​នោះ ក្រែង​ដើម​ចោទ​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម ហើយ​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ឆ្មាំ រួច​អ្នក​នឹង​ត្រូវ​ជាប់​គុក។

26 ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ រហូត​ទាល់​តែ​អ្នក​សង​គេ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន»។


ព្រះ‌បន្ទូល​អំពី​ការ​ផិត​ក្បត់

27 «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់"

28 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។

29 ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។

30 ប្រសិន‌បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ធ្លាក់​នរក»។


ព្រះ‌បន្ទូល​អំពី​ការ​លែង​លះ​ប្ដី​ប្រពន្ធ
(ម៉ាថាយ ១៩.៩ ម៉ាកុស ១០.១១-១២ លូកា ១៦.១៨ )

31 «មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​លែង​ប្រពន្ធ អ្នក​នោះ​ត្រូវ​ធ្វើ​សំបុត្រ​លែង​លះ​ឲ្យ​នាង

32 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។


ព្រះ‌បន្ទូល​អំពី​សម្បថ

33 «មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។

34 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​ព្រះ

35 ឬ​ស្បថ​នឹង​ផែនដី​ក្តី ព្រោះ​ផែនដី​ជា​កំណល់​កល់​ព្រះ‌បាទា​ព្រះ‌អង្គ ទោះ​ជា​ស្បថ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​យេរូ‌សាឡិម​ជា​ក្រុង​របស់​ស្តេច​ដ៏​ធំ។

36 កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សរសៃ​ទៅ​ជា​ស ឬ​ជា​ខ្មៅ​បាន​ឡើយ

37 ត្រូវ​ឲ្យ​ពាក្យ​របស់​អ្នក មែន​គឺ​មែន ទេ​គឺ​ទេ សេចក្តី​ណា​ដែល​លើស​ពី​នេះ សុទ្ធ​តែ​មក​ពី​អា​កំណាច​ទាំង​អស់»។


ព្រះ‌បន្ទូល​អំពី​ការ​សង​សឹក
(លូកា ៦.២៩-៣០ )

38 «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ភ្នែក​ឲ្យ​សម​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​សម​នឹង​ធ្មេញ"

39 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ

40 ហើយ​បើ​អ្នក​ណា​ចង់​ប្តឹង​យក​អាវ​ខ្លី​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​វែង​របស់​អ្នក​ទៅ​ផង។

41 បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ជា​មួយ​គេ​ពីរ​យោជន៍​ចុះ។

42 ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ ហើយ​កុំ​ប្រ‌កែក​នឹង​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នក​ឡើយ»។


ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ
(លូកា ៦.២៧-២៨ , ៣២-៣៦)

43 «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក"។

44 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ

45 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។

46 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​អ្វី? សូម្បី​តែ​ពួក​អ្នក​ទារពន្ធ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ?

47 បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ?

48 ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម