Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ

1 ឱមនុស្ស​សុចរិត​អើយ ចូរ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មនុស្ស​ទៀង​ត្រង់​ស័ក្ដិ‌សម នឹង​សរសើរ​តម្កើង​ព្រះ។

2 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់!

3 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ ហើយ​ប្រគំ​ភ្លេង​យ៉ាង​ពិរោះ​ឲ្យ​ឮ​រងំ ទាំង​ស្រែក​អប​អរសាទរ។

4 ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ហើយ​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់។

5 ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា។

6 ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើម ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

7 ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។

8 ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ!

9 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។

10 ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។

11 រី​ឯ​ដំ‌បូន្មាន​របស់​ព្រះ‌យេហូវ៉ា​វិញ នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅ​ជាប់​ជា​ដរាប គ្រប់​ជំនាន់​ត​រៀង​ទៅ។

12 មាន​ពរ​ហើយ ជាតិ​សាសន៍​ណា ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស ទុក​ជា​មត៌ក​របស់​ព្រះ‌អង្គ!

13 ព្រះ‌យេហូវ៉ា​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់

14 ហើយ​ពី​ព្រះដំណាក់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី

15 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បង្កើត​ចិត្ត របស់​គេ​ទាំង​អស់​គ្នា ក៏​ពិចារណា​មើល​អស់​ទាំង​ការ ដែល​គេ​ប្រព្រឹត្ត​ដែរ។

16 គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​ខ្លួន​មានកម្លាំង​ខ្លាំង​នោះ​ដែរ។

17 សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​បាន​ដែរ។

18 មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ

19 ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។

20 ព្រលឹង​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។

21 ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។

22 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សណ្ឋិត​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ព្រះ‌អង្គ​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម