ទំនុកតម្កើង 94 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះជាអ្នកសងសឹកឲ្យមនុស្សសុចរិត 1 ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃការសងសឹក ឱព្រះនៃការសងសឹកអើយ សូមភ្លឺមក! 2 ឱចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមសងដល់មនុស្សអំនួត ឲ្យសមនឹងអំពើរបស់គេ! 3 ឱព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់នឹងនៅដល់កាលណា? តើមនុស្សអាក្រក់នឹងតម្កើងខ្លួន ដល់កាលណាទៀត? 4 ៙ គេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនាំគ្នាអួតអាង។ 5 ឱព្រះយេហូវ៉ាអើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។ 6 គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ គេធ្វើឃាតក្មេងកំព្រា 7 ហើយគេពោលថា «ព្រះយេហូវ៉ា មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ»។ 8 ៙ ឱមនុស្សកំរោលក្នុងបណ្ដាជនអើយ ចូរស្វែងយល់ទៅ! មនុស្សល្ងង់ខ្លៅអើយ តើពេលណាទើបអ្នករាល់គ្នាមានប្រាជ្ញា? 9 ព្រះអង្គដែលបានបង្កើតត្រចៀកមក តើព្រះអង្គមិនឮទេឬ? ព្រះអង្គដែលបានសូនធ្វើភ្នែក តើព្រះអង្គមើលមិនឃើញទេឬ? 10 ព្រះអង្គដែលវាយប្រដៅអស់ទាំងសាសន៍ តើព្រះអង្គមិនវាយផ្ចាលទេឬ? ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ 11 គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។ 12 ៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ 13 ដើម្បីប្រទានឲ្យគេបានសម្រាកនៅថ្ងៃអាក្រក់ ដរាបដល់គេជីករណ្តៅ ទុកសម្រាប់មនុស្សអាក្រក់។ 14 ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត 15 ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។ 16 ៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត? 17 ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។ 18 ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ 19 កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។ 20 តើពួកមេនៃសេចក្ដីអាក្រក់ គឺអស់អ្នកដែលបង្កើតរឿងប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់ អាចមានសម្ព័ន្ធមិត្តជាមួយព្រះអង្គបានឬ? 21 គេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត ហើយគេកាត់ទោសប្រហារជីវិត មនុស្សស្មោះត្រង់។ 22 ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។ 23 ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះយេហូវ៉ាជាព្រះនៃយើង នឹងធ្វើឲ្យគេវិនាសសូន្យទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia