Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌អម្ចាស់​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល

1 ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។

2 កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

3 ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។

4 យើង​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​អ្នក ហើយ​ប្រជា‌ជាតិ​ផ្សេងៗ​ស្នង​នឹង​ជីវិត​អ្នក ដោយ​ព្រោះ​អ្នក​មាន​តម្លៃ​វិសេស​នៅ​ភ្នែកយើង ក៏​គួរ​លើក​តម្កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​យើង​ផង។

5 កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ យើង​នឹង​នាំ​ពូជ‌ពង្ស​អ្នក​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច

6 យើង​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​យើង​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​យើង​មក​ពី​ចុង​ផែនដី​ចុះ

7 គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​យើង ជា​អ្នក​ដែល​យើង​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃយើង គឺ​ជា​អ្នក​ដែល​យើង​បាន​ជប​សូន និង​បាន​បង្កើត​មក។

8 ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក និង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក

9 ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា ដែល​អាច​នឹង​ថ្លែងទំនាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សម្ដែងឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​នោះ? ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក​បង្ហាញ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​ការ​ពិត​មែន»។

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។

11 គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ

12 យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។

13 ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?

14 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។

15 យើង​នេះ គឺ​យេហូវ៉ា យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។

16 ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ

17 ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

18 អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ

19 មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។

20 ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក

21 ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។

22 តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។

23 អ្នក​មិន​បាន​នាំ​យក​ចៀម​របស់​អ្នក មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​យើង ក៏​មិន​បាន​លើក​មុខយើង ដោយ​យញ្ញ‌បូជា​របស់​អ្នក​ដែរ យើង​មិន​បាន​បង្ខំ​អ្នក​ដោយ​ព្រោះ​តង្វាយ ឬ​ឲ្យ​អ្នក​នឿយ​ហត់​ដោយ​ដុត​កំញានឡើយ។

24 អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ គ្រឿង​ក្រអូប​ណា​ឲ្យ​យើង​សោះ ក៏មិន​បាន​ឲ្យ​យើង​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ផ្ទុក​អំពើ​បាប​របស់​អ្នកឲ្យយើង ហើយ​បាន​នាំ​ឲ្យ​យើង​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​អ្នក។

25 គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។

26 ចូរ​រំឭក​យើង ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រៀប​រាប់‌ប្រាប់​ពី​ហេតុ​ផល​របស់​អ្នក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​សុចរិត។

27 ឯ​ឪពុក​ដើម​របស់​អ្នក​បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​អ្នក​បាន​រំលង​ច្បាប់​យើង​ដែរ។

28 ហេតុ​នោះ យើង​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្ដាសា និង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះ‌ដៀល»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម