Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 147 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សរសើរ​តម្កើង​ដល់​ព្រះ​ដែលព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់​ដល់​ក្រុង​យេរូ‌សាឡិម

1 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ដ្បិត​ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង ជា​ការ​ប្រពៃ​ណាស់ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ ហើយ​ចម្រៀង​សរសើរ​តម្កើង ស័ក្ដិ‌សម​ណាស់!

2 ព្រះ‌យេហូវ៉ា​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ ព្រះ‌អង្គ​ប្រមូល​អ៊ីស្រា‌អែល ដែល​ខ្ចាត់​ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។

3 ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

4 ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

5 ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។

6 ព្រះ‌យេហូវ៉ា​លើក​មនុស្ស​រាប‌សា តែ​ព្រះ‌អង្គបន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

7 ៙ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​លើក​ទំនុក​ថ្វាយ​ព្រះ​នៃ​យើង ដោយ​ចាប់​ស៊ុង។

8 ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។

9 ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

10 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កម្លាំង​សេះ​ទេ ក៏​មិន​រីករាយ​នឹង​ជើង​មនុស្ស​ដែរ

11 តែ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

12 ៙ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា! ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់អ្នក!

13 ដ្បិត​ព្រះ‌អង្គ​ពង្រឹង​រនុក​ទ្វារ​ឯង​ឲ្យ​រឹង​មាំ ព្រះ‌អង្គ​ប្រទាន​ពរ​កូន​ចៅដែល​រស់​នៅ​ក្នុង​ឯង។

14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។

15 ព្រះ‌អង្គ​ចាត់​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌អង្គ​មក​ផែនដី ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏រត់​ទៅ​យ៉ាង​រហ័ស។

16 ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ព្រឹល​សក្បុស ដូច​រោម​ចៀម ព្រះ‌អង្គ​បាច​សាច​សន្សើម កកដូច​ផេះ។

17 ព្រះ‌អង្គ​បោះ​ទឹក​កក​របស់​ព្រះ‌អង្គ​មក​ជា​ដុំៗ តើ​អ្នក​ណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ របស់​ព្រះ‌អង្គ​បាន?

18 ព្រះ‌អង្គចាត់​ព្រះ‌បន្ទូល​ទៅ ហើយ​ទាំង​អស់​ក៏​រំលាយ​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្យល់​របស់​ព្រះ‌អង្គ​បក​មក ហើយ​ទឹក​នោះ​ក៏​ហូរ។

19 ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប គឺ​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល។

20 ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​សាសន៍​ដទៃ​ណា​ឡើយ គេ​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ទេ។ ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម