១ ពេត្រុស 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការថែរក្សាហ្វូងចៀមរបស់ព្រះ 1 ដូច្នេះ ក្នុងនាមជាចាស់ទុំ និងជាបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ហើយជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា 2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ 3 មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។ 4 ពេលមេគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដដ៏រុងរឿង ដែលមិនចេះស្រពោន។ 5 អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។ 6 ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ 7 ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។ 8 ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ 9 ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។ 10 ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។ 11 សូមព្រះអង្គបានប្រកបដោយព្រះចេស្តា អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ពាក្យជម្រាបសួរ និងពាក្យប្រសិទ្ធពរចុងក្រោយ 12 ខ្ញុំបានសរសេរសំបុត្រយ៉ាងខ្លីមកអ្នករាល់គ្នា តាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយធ្វើបន្ទាល់ថា នេះជាព្រះគុណរបស់ព្រះពិតប្រាកដមែន ចូរឈរឲ្យមាំមួនឡើង។ 13 ក្រុមជំនុំនៅក្រុងបាប៊ីឡូន ដែលព្រះបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា។ 14 សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបដែលកើតចេញពីចិត្តស្រឡាញ់។ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទ បានប្រកបដោយសេចក្តីសុខសាន្ត។ អាម៉ែន។:៚ |
© 2016 United Bible Societies
Bible Society in Cambodia