នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងអាចរកឃើញខគម្ពីរជាច្រើនដែលបានប្រាប់ពីអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ព្រះជាម្ចាស់បានប្រទានព្យាការីដើម្បីប្រាប់ប្រជាជនរបស់ទ្រង់ ប៉ុន្តែការពិតទៅ ព្រះគម្ពីរបានកត់ត្រាទុករួចហើយនូវអ្វីៗជាច្រើនដែលនឹងកើតឡើង។ ដូចដែលបានចែងនៅក្នុងខគម្ពីរដ៏ស្រស់ស្អាតនេះថា ៖ «ដ្បិតមិនដែលមានទំនាយណាមួយកើតឡើងដោយឆន្ទៈរបស់មនុស្សទេ តែបុគ្គលដ៏វិសុទ្ធរបស់ព្រះជាម្ចាស់បានថ្លែងទំនាយដោយសារពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ» (២ពេត្រុស ១:២១)។
ពាក្យទំនាយគឺជាកូនសោដើម្បីបិទនិងបើកស្ថានសួគ៌តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងគួរតែប្រៀបធៀបទំនាយទាំងឡាយណាដែលបានសម្រេចរួចហើយតាមលំដាប់លំដោយ ហើយព្យាករណ៍ពីអ្វីដែលនឹងកើតឡើងនាពេលអនាគតឲ្យបានច្បាស់លាស់។ ដោយហេតុនេះ យើងអាចប្រកាសនិងព្រមានដល់អ្នកដែលកំពុងដើរផ្លូវខុស ដើម្បីឲ្យពួកគេវិលត្រឡប់មករកផ្លូវនៃជីវិតអស់កល្បជានិច្ច។
ចំពោះអ្នកដែលត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកព្រះយេស៊ូគ្រិស្ដ ហើយត្រូវបានលើកឡើងទៅស្ថានសួគ៌ សូមបន្តការតស៊ូរហូតដល់ទីបញ្ចប់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
លោកពោលថា៖ «មើល៍ ខ្ញុំនឹងឲ្យលោកដឹងពីហេតុការណ៍ដែលត្រូវកើតមានក្នុងគ្រានៃសេចក្ដីក្រោធ ដ្បិតនិមិត្តនេះសំដៅទៅគ្រាចុងក្រោយ។
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
ដំណឹងល្អអំពីព្រះរាជ្យនេះ នឹងត្រូវប្រកាសពាសពេញពិភពលោកទាំងមូល ជាទីបន្ទាល់ដល់អស់ទាំងសាសន៍ ហើយពេលនោះ ទើបចុងបញ្ចប់មកដល់»។
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។
នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត
មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ផ្ទះបានបិទទ្វារមិនឲ្យមានអ្នកណាចូលឡើយ។ នៅតាមផ្លូវមានឮសំឡេងគេស្រែក រកស្រាទំពាំងបាយជូរ អំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹង ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់។ ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពេលដែលគេប្រមូលផលរួចរាល់។ ពួកអ្នកទាំងនេះនឹងបន្លឺឡើង ហើយស្រែកដោយអំណរ គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា។ ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ា នៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលនៅស្រុកក្បែរសមុទ្រ។ យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង ឱមនុស្សនៅផែនដីអើយ សេចក្ដីតក់ស្លុត រណ្តៅ និងអន្ទាក់គ្របលើអ្នកហើយ ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។ ឯផែនដីត្រូវបែកបាក់អស់រលីង ផែនដីត្រូវអង្រួនជាខ្លាំង នៅគ្រានោះ ពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី អ្នកលក់ដូរនឹងរងទុក្ខដូចអ្នកទិញ ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល ហើយអ្នកដែលឲ្យខ្ចីយកការនឹងរងទុក្ខ ដូចជាអ្នកដែលឲ្យការដែរ។ ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោក នឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។ នៅគ្រានោះ ព្រះយេហូវ៉ា នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ។ គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយ ដែលប្រមូលទុកក្នុងរណ្ដៅ ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។ ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេ ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ។
ឯបណ្ដាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ។
ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។
កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?»
មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
ពេលនោះ ចូលដល់ចុងបំផុតហើយ ជាពេលដែលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះ ជាព្រះវរបិតា ក្រោយពីព្រះអង្គបានបំផ្លាញអស់ទាំងរាជ្យ អំណាច និងឥទ្ធិឫទ្ធិទាំងប៉ុន្មានរួចហើយ។
ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។
អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ចូរប្រយ័ត្នកុំជ្រួលច្របល់ ដ្បិតការនេះត្រូវតែកើតឡើង តែមិនទាន់ដល់ចុងបញ្ចប់នៅឡើយទេ។
ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។
ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។
ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។ គ្រានោះ នឹងកើតមានដូច្នេះ ពីខែមួយ ចូលខែមួយទៀត ហើយពីថ្ងៃសប្ប័ទមួយ ដល់ថ្ងៃសប្ប័ទមួយទៀត គ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ ក៏ឥតមានពន្លឺដែរ។ ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ។ ខ្ញុំពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែ យើងមិនបំផ្លាញអស់រលីងទេ ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះយើងបានចេញវាចា យើងបានគិតសម្រេចការនេះហើយ យើងនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មានការអាក្រក់ គឺការអាក្រក់តែមួយ ការនោះកំពុងតែមកហើយ។ ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងអ្នក មើលន៏ កំពុងតែមកហើយ។ ឱអ្នកស្រុកអើយ ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ ពេលកំណត់ក៏បានមកដល់ដែរ ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
ប៉ុន្តែ ការវិនិច្ឆ័យនឹងរៀបចំជាស្រេច ហើយគេនឹងដកអំណាចគ្រប់គ្រងពីស្ដេចនោះ ហើយឲ្យត្រូវបំផ្លាញ ឲ្យត្រូវវិនាសសាបសូន្យរហូតតទៅ។ នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។ មនុស្សជាច្រើននឹងសម្អាតខ្លួន ហើយជម្រះខ្លួនឲ្យបានសស្គុស ហើយត្រូវបានបន្សុទ្ធ ឯមនុស្សអាក្រក់វិញ នឹងនៅតែប្រព្រឹត្តយ៉ាងអាក្រក់ ហើយគ្មានមនុស្សអាក្រក់ណាយល់ឡើយ តែអស់អ្នកដែលមានប្រាជ្ញា គេនឹងយល់។ ចាប់ពីពេលដែលគេបញ្ឈប់លែងឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃ ហើយរបស់គួរឲ្យស្អប់ខ្ពើម ដែលនាំឲ្យវិនាសបានតាំងឡើង នោះនឹងមានរយៈពេល ១២៩០ ថ្ងៃ។ មានពរហើយ អ្នកណាដែលរង់ចាំ ហើយរហូតដល់គ្រប់ ១៣៣៥ ថ្ងៃ។ ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹងរហូតដល់ទីបំផុតចុះ ដ្បិតលោកនឹងត្រូវសម្រាក ហើយលោកនឹងក្រោកឡើងវិញ ដើម្បីទទួលចំណែករបស់លោកនៅគ្រាចុងក្រោយបំផុត»។:៚ មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។ អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។ ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចធន់នៅបាន? ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"? ពេលនោះ ព្រះយេហូវ៉ាប្រចណ្ឌ ចំពោះស្រុករបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។
ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។ ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចធន់នៅបាន?
យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។
វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ អ៊ីស្រាអែលជាស្ត្រីព្រហ្មចារីបានដួលចុះ ក្រោកឡើងវិញមិនបានហើយ នាងត្រូវគេបោះបង់ចោលនៅលើទឹកដីខ្លួន គ្មានអ្នកណាលើកនាងឡើយ។ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ?
ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ក៏នៅជិត ហើយដេញប្រកិត សំឡេងនៃថ្ងៃរបស់ព្រះយេហូវ៉ា ជាសំឡេងជូរចត់ ពេលនោះ មនុស្សខ្លាំងពូកែនឹងស្រែកជាខ្លាំង។ ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃវេទនា ហើយឈឺចាប់ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់ ជាថ្ងៃឮសំឡេងត្រែ និងសម្រែកសឹកសង្គ្រាម ច្បាំងនឹងក្រុងដែលមានកំផែងការពារ ហើយទាស់នឹងប៉មខ្ពស់ៗ។ យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។ ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេមកយកទ្រព្យសម្បត្តិរបស់អ្នក ហើយចែកគ្នានៅមុខឯងរាល់គ្នា។ ស្រុកទាំងមូល ចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម។ ប៉ុន្តែ គេនឹងសង់ក្រុងយេរូសាឡិមឡើងវិញនៅកន្លែងធម្មតា ចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច។ ក៏នឹងមានមនុស្សរស់នៅ ហើយគ្មានបណ្ដាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត។ ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ នៅថ្ងៃនោះ នឹងមានចលាចលជាខ្លាំង ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្ដាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន។ ពួកយូដានឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិរបស់គ្រប់សាសន៍ជុំវិញ នឹងប្រមូលគ្នា គឺមាស ប្រាក់ និងសម្លៀកបំពាក់យ៉ាងសន្ធឹក ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។ ពេលនោះ អស់អ្នកនៅសល់ពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់ឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ ដូច្នេះ ក្នុងគ្រួសារទាំងអស់នៅផែនដី បើមានអ្នកណាដែលមិនឡើងទៅក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ។ ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។ នេះហើយជាការដាក់ទោសដល់ពួកសាសន៍អេស៊ីព្ទ ហើយជាការវាយផ្ចាលដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំ។ ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
មើល៍! មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់ យើងនឹងចាត់អេលីយ៉ាឲ្យមកជួបអ្នករាល់គ្នា លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ
ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ចូរប្រយ័ត្នកុំជ្រួលច្របល់ ដ្បិតការនេះត្រូវតែកើតឡើង តែមិនទាន់ដល់ចុងបញ្ចប់នៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ប៉ុន្តែ ការទាំងអស់នេះ ប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន។
ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
«លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?» ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។ លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ «ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
«ពេលកូនមនុស្សមកក្នុងសិរីល្អរបស់លោក ហើយអស់ទាំងទេវតាក៏មកជាមួយ នោះលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ គ្រប់ទាំងសាសន៍នឹងត្រូវបានប្រមូលផ្ដុំគ្នានៅមុខលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។
«ប៉ុន្តែ នៅគ្រាក្រោយសេចក្តីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
«ប៉ុន្តែ ត្រង់ឯថ្ងៃ ឬពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ មានតែព្រះវរបិតាមួយអង្គប៉ុណ្ណោះដែលជ្រាប។ ចូរប្រុងប្រយ័ត្ន ហើយចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ពេលនោះ នឹងមកដល់នៅវេលាណាទេ។
នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ។ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក ជប់លៀង រៀបការប្តីប្រពន្ធ មកទល់នឹងថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកជំនន់ក៏មកលិចបំផ្លាញគេគ្រប់គ្នាអស់ទៅ ។ ក៏ដូចជានៅជំនាន់លោកឡុត ដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ រហូតដល់ថ្ងៃលោកឡុតចាកចេញពីក្រុងសូដុម នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមកបំផ្លាញគេទាំងអស់គ្នាទៅ។ ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានយ៉ាងដូច្នោះដែរ។
«គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។
ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។
កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតពេលវេលានោះនឹងមកដល់ ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងព្រះអង្គ ហើយចេញមក។ អ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ហើយពួកអ្នកដែលបានប្រព្រឹត្តអាក្រក់ គេនឹងរស់ឡើងវិញឲ្យជាប់មានទោស»។
នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ ពេលនោះ ថ្ងៃបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ជិតមកដល់ហើយ។ នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។
អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។
ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។
យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។ រំពេចនោះ ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយ។ ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះច័ន្ទនឹងទៅជាឈាម មុនថ្ងៃដ៏ធំឧត្តមរបស់ព្រះអម្ចាស់មកដល់។
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។
ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក
អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។ យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង។
បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។
ដ្បិតមនុស្សទាំងអស់ស្លាប់ក្នុងលោកអ័ដាមយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ តែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មក អស់អ្នកដែលជារបស់ព្រះគ្រីស្ទនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមក។ ពេលនោះ ចូលដល់ចុងបំផុតហើយ ជាពេលដែលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះ ជាព្រះវរបិតា ក្រោយពីព្រះអង្គបានបំផ្លាញអស់ទាំងរាជ្យ អំណាច និងឥទ្ធិឫទ្ធិទាំងប៉ុន្មានរួចហើយ។
មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា!
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។
ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។
ដ្បិតយើងសូមប្រកាសប្រាប់អ្នករាល់គ្នា តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះថា យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់រហូតដល់ព្រះអម្ចាស់យាងមក យើងនឹងមិនទៅមុនអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ។ ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។
បងប្អូនអើយ ចំពោះពេលវេលា និងពេលកំណត់ នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ។ ដែលទ្រង់សុគតជួសយើង ដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គ ទោះបើយើងនៅរស់ ឬដេកលក់ក្តី។ ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។ បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។ បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។ កុំឲ្យពន្លត់ព្រះវិញ្ញាណ ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ កុំមើលងាយសេចក្ដីទំនាយ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង។ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធ។ ខ្ញុំសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្តាប់កុំខាន។ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚ កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង
បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងត្រូវយាងមក ហើយយើងត្រូវជួបជុំនៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នាថា និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។ រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។ សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។ កុំប្រញាប់នឹងជ្រួលច្របល់ ឬស្លន់ស្លោដោយសារវិញ្ញាណណា ពាក្យសម្ដីណា ឬសំបុត្រណា ដែលទំនងជាមកពីយើងក្តី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយនោះឡើយ។ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាតាមវិធីណាឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែមានការបះបោរមកជាមុន ហើយមនុស្សទទឹងច្បាប់លេចមក គឺជាកូននៃសេចក្ដីវិនាស ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
ចូរកាន់តាមព្រះឱវាទឲ្យបានល្អ ហើយឥតកន្លែងបន្ទោសបាន រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងលេចមក ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយការយាងមករបស់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គថា
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។
ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
«ដ្បិតនៅតែបន្តិចទៀត ព្រះអង្គដែលត្រូវយាងមក ព្រះអង្គនឹងយាងមកមែន ឥតបង្អង់ឡើយ
នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?
ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។ គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។
តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។
ទាំងទន្ទឹងរង់ចាំ ហើយខំជួយឲ្យថ្ងៃរបស់ព្រះបានឆាប់មកដល់ ព្រោះជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ ហើយរលាយទៅ ធាតុសព្វសារពើនឹងត្រូវរលាយដោយកម្ដៅភ្លើង! ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញមានរញ្ជួយផែនដីជាខ្លាំង ព្រះអាទិត្យត្រឡប់ជាខ្មៅ ដូចសំពត់រោមខ្មៅ ហើយព្រះច័ន្ទត្រឡប់ដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចផ្លែល្វាខ្ចីជ្រុះពីដើម ដោយត្រូវខ្យល់ធំបក់បោក។ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងរបស់វាដែរ។
ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។
បន្ទាប់មក ខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្ស អង្គុយនៅលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល ហើយកាន់កណ្តៀវយ៉ាងមុតនៅដៃ។ មានទេវតាមួយទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងហៅអ្នកដែលអង្គុយលើពពកថា៖ «សូមលូកកណ្តៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលត្រូវច្រូតហើយ ព្រោះផែនដីបានទុំល្មមច្រូតហើយ»។ ដូច្នេះ លោកដែលអង្គុយនៅលើពពក ក៏លូកកណ្តៀវទៅលើផែនដី ហើយផែនដីក៏បានច្រូតរួចរាល់។
(«មើល៍! យើងមកដូចជាចោរ! មានពរហើយ អ្នកណាដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត និងមិនឲ្យគេឃើញកេរខ្មាស»)។
បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយចារទុក ដែលក្រៅពីព្រះអង្គគ្មានអ្នកណាស្គាល់ឡើយ។ ព្រះអង្គទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមព្រះអង្គហៅថា «ព្រះបន្ទូលនៃព្រះ»។ ពលទ័ពនៅស្ថានសួគ៌ ជិះសេះសដង្ហែព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌សស្អាត។ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។ ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅលើផែនដី ព្រមទាំងពលទ័ពរបស់គេ បានប្រមូលគ្នា មកច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះ និងពលទ័ពរបស់ព្រះអង្គ។ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយសុចរិត ព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំ ដែលបង្ខូចផែនដី ដោយអំពើសហាយស្មន់របស់នាង ហើយព្រះអង្គក៏បានសងសឹក ដោយព្រោះឈាមពួកអ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានកម្ចាយនោះដែរ»។ សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ រីឯអ្នកដែលនៅសល់ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់របស់ពួកអ្នកទាំងនោះ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ យើងជាអាលផា និងអូមេកា គឺមុនគេ ហើយក្រោយគេ ជាដើមដំបូង ហើយជាចុងបង្អស់។