ទំនុកតម្កើង 34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គរំដោះឲ្យរួចពីទុក្ខលំបាក ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ក្លែងធ្វើជាឆ្កួត នៅចំពោះអ័ប៊ីម៉្មាឡិច ហើយអ័ប៊ីម៉្មាឡិចក៏បណ្ដេញទ្រង់ចេញទៅ។ 1 ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។ 2 ព្រលឹងរបស់ខ្ញុំនឹងអួតពីព្រះយេហូវ៉ា ចូរឲ្យមនុស្សរាបសារស្ដាប់ ហើយមានចិត្តត្រេកអរឡើង។ 3 ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើង ព្រះនាមព្រះអង្គជាមួយគ្នា។ 4 ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។ 5 អស់អ្នកដែលពឹងដល់ព្រះអង្គ គេមានអំណរព្រោងព្រាយ ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។ 6 មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។ 7 ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។ 8 ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ! 9 ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរកោតខ្លាចព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ មិនខ្វះអ្វីឡើយ! 10 ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។ 11 ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។ 12 តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? 13 ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។ 14 ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។ 15 ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។ 16 ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីគេតទៅទៀត។ 17 ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ 18 ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ 19 មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។ 20 ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។ 21 អំពើអាក្រក់នឹងសម្លាប់មនុស្សពាល ហើយអស់អ្នកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។ 22 ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia