អេសាយ 32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ 1 មើល៍ នឹងមានស្តេចមួយអង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្តិធម៌ 2 ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ 3 ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រឹលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់ 4 ចិត្តរបស់ពួករួសរាន់នឹងមានតម្រិះ ហើយអណ្ដាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ។ 5 គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សកំណាចថាជាអ្នកមានគុណឡើយ។ 6 ដ្បិតមនុស្សល្ងីល្ងើបញ្ចេញតែសេចក្ដីចម្កួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសម្រេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេក។ 7 គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់ គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។ 8 ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។ ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡិម 9 ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ។ 10 ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។ 11 ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។ 12 គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត និងដើមទំពាំងបាយជូរដែលដុះដាល។ 13 នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។ 14 ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។ 15 ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការដុះដាល ហើយចម្ការដុះដាលបានរាប់ទុកជាព្រៃវិញ។ សន្តិសុខនៃរាជ្យរបស់ព្រះ 16 នៅគ្រានោះ សេចក្ដីយុត្តិធម៌ នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការដុះដាល។ 17 ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។ 18 ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។ 19 ទោះបើព្រៃព្រឹក្សាត្រូវបំផ្លាញហិនហោច ហើយទីក្រុងត្រូវរលំអស់រលីងក៏ដោយ។ 20 មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។ |
© 2016 United Bible Societies
Bible Society in Cambodia