១ ពេត្រុស 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីផ្ដើម 1 ពេត្រុស ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកបងប្អូន ដែលបែកខ្ញែកគ្នាទៅស្នាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា 2 ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។ សេចក្ដីសង្ឃឹមដ៏រស់ 3 សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ 4 ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។ 5 អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។ 6 ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ 7 ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។ 8 ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន 9 ដ្បិតអ្នករាល់គ្នាកំពុងទទួលផលពីជំនឿរបស់អ្នករាល់គ្នា គឺការសង្គ្រោះដល់ព្រលឹង។ 10 ពួកហោរាដែលបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា បានស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន ហើយខំរកឲ្យដឹងពីការសង្គ្រោះនេះ 11 ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។ 12 ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនោះដែរ។ ការត្រាស់ហៅឲ្យមានជីវិតបរិសុទ្ធ 13 ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។ 14 ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ 15 ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ 16 ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។ 17 ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។ 18 អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ 19 គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។ 20 ព្រះបានតម្រូវព្រះអង្គទុកតាំងពីមុនកំណើតពិភពលោកមក តែបានលេចមកនៅគ្រាចុងក្រោយនេះ ដោយព្រោះអ្នករាល់គ្នា។ 21 តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។ 22 ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។ 23 ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ។ 24 ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ 25 តែព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ចវិញ ព្រះបន្ទូលនោះគឺជាដំណឹងល្អដែលបានប្រកាសប្រាប់អ្នករាល់គ្នា។ |
© 2016 United Bible Societies
Bible Society in Cambodia