អ្នករាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់អ្នករាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកអ្នករាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។
តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី?
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
ហេតុនោះបានជាយើងថ្លែងប្រាប់សេចក្ដីនោះ ដល់អ្នកតាំងពីបុរាណ ហើយបានបង្ហាញឲ្យអ្នកដឹងមុនដែលការនោះកើតមក ក្រែងអ្នកនិយាយថា គឺជារូបព្រះរបស់អ្នកដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់អ្នក ដែលបង្គាប់ការនោះឡើង។
ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មានអស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ។
គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។
ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖ «ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា "លោកជាព្រះរបស់យើងខ្ញុំ" នោះនឹងត្រូវបែរខ្នងចេញវិញ ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។
ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។
ចូរថ្លែងប្រាប់នៅកណ្ដាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា៖ គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលត្រូវខ្មាស ព្រះម្រដាក់ត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ។
គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ ក៏មិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។
ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
កាលស្ដេចអេសាបានឮពាក្យទាំងនោះ ជាទំនាយរបស់ហោរាអ័សារា កូនអូដេឌហើយ ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់អស់ទាំងរូបព្រះពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខថែវព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងជាថ្មីវិញ។
ក៏រំលំអាសនា បំបាក់បំបែកបង្គោលសក្ការៈ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។
គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។
ត្រូវបំផ្លាញទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នានឹងបណ្តេញចេញ ជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះរបស់គេ នៅលើភ្នំធំ ភ្នំតូច និងនៅក្រោមអស់ទាំងដើមឈើដែលមានស្លឹកខៀវខ្ចី កុំឲ្យសល់ឡើយ។ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកពង្រីកទឹកដីអ្នកឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នក ហើយអ្នកនឹកក្នុងចិត្តថា "ខ្ញុំចង់បរិភោគសាច់" ព្រោះអ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគសាច់ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ ប្រសិនបើកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះយេហូវ៉ាបានប្រទានមកអ្នកបាន គឺដូចខ្ញុំបានបង្គាប់អ្នកហើយ អ្នកអាចបរិភោគនៅក្នុងក្រុងរបស់អ្នក ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ អ្នកអាចបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងអ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានដូចគ្នា។ ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ មិនត្រូវបរិភោគឈាមឡើយ ត្រូវចាក់ចោលទៅដី ដូចជាទឹកវិញ។ មិនត្រូវបរិភោគឈាមឡើយ ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតទៅ ព្រោះអ្នកបានប្រព្រឹត្តសេចក្ដីត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។ ប៉ុន្ដែ អស់ទាំងតង្វាយបរិសុទ្ធ ដែលអ្នកត្រូវញែកទុកដោយឡែកថ្វាយព្រះយេហូវ៉ា និងតង្វាយលាបំណន់របស់អ្នក ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះយេហូវ៉ាទ្រង់ជ្រើសរើស ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។ ចូរប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដីនេះ ដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នករហូតតទៅ ដោយអ្នករាល់គ្នាប្រព្រឹត្តសេចក្ដីល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ «កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក កាត់សាសន៍នានាចេញពីមុខអ្នក នៅក្នុងស្រុកដែលអ្នកចូលទៅចាប់យកពីគេ ហើយអ្នកបណ្តេញគេចេញពីស្រុកនោះ រួចរស់នៅក្នុងស្រុករបស់គេ ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។
គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
ចូរឈរឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់អ្នកដែលមានជាច្រើននោះ ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើល ប្រហែលជាអ្នកនឹងបានប្រយោជន៍ខ្លះ ឬប្រហែលជាអ្នកអាចឈ្នះ។ អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើននៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្ដាលឲ្យព្រះមានសេចក្ដីក្រោធ។
ដូច្នេះ មិនត្រូវស្តាប់តាមពួកហោរារបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកហោរា និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ
ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់ នឹងរូបព្រះដែលឥតបានការ តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។
អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ? តែប្រជារាស្ត្ររបស់យើងបានដូរព្រះ ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ ដែលឥតមានប្រយោជន៍វិញ។
អ្នករាល់គ្នាមានចិត្តឆេះឆួលនឹងរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សម្លាប់កូនក្មេងនៅតាមក្រហែងថ្មច្រកភ្នំនានា។
ចូរប្រយ័ត្នចុះ ក្រែងចិត្តអ្នករាល់គ្នាត្រូវសេចក្ដីល្បួង រួចបែរចេញទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ
សូមកុំឆ្ងល់អ្វីឡើយ! សូម្បីតែអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
ឯអ្នករាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីពេស្យាអើយ ចូរមកជិតនេះចុះ។
ន៎ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬ? តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ? ហេតុអ្វីបានជាគេបណ្ដាលឲ្យយើងខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ?
តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជាតិសាសន៍ដទៃ ហើយរៀនប្រព្រឹត្តដូចជាសាសន៍ ទាំងនោះទៅវិញ។ គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
កុំឲ្យអ្នករាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់អ្នករាល់គ្នាផង យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។