Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត
ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 ឱ​ព្រះ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋាន សូម​កុំ​ពួន​ព្រះ​កាយ​នឹង​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ។

2 សូម​ព្រះ‌អង្គ​មេត្តា​ព្រះ​សណ្ដាប់​ទូល‌បង្គំ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​ចិត្ត​ថប់​ព្រួយ​របស់​ទូល‌បង្គំ

3 ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ និង​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់។ ដ្បិត​គេ​ទម្លាក់អំពើ​ទុច្ចរិត​មក​លើ​ទូល‌បង្គំ ហើយគេ​ចូល​ចិត្ត​ឈ្នានីសនឹង​ទូល‌បង្គំ ដោយ​កំហឹង។

4 ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយការ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ។

5 ទូល‌បង្គំ​កើត​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ សេចក្ដី​តក់‌ស្លុត​បានញាំ​ញី​ទូល‌បង្គំ។

6 ទូល‌បង្គំ​ពោល​ថា «ឱ សូម​ឲ្យ​ទូល‌បង្គំ​មាន​ស្លាប ដូច​ជា​ព្រាប​ទៅ​អេះ! នោះ​ទូល‌បង្គំ​នឹង​ហើរ​ទៅឲ្យ​បាត់ ហើយ​ឲ្យ​បាន​សម្រាក

7 មែន​ហើយ ទូល‌បង្គំ​នឹង​ទៅ​ឲ្យ​ឆ្ងាយ ហើយ​ទូល‌បង្គំ​នឹង​ស្នាក់​នៅ​ទី​រហោ‌ស្ថាន​វិញ។ -បង្អង់

8 ទូល‌បង្គំ​នឹង​ប្រញាប់​ស្វែង​រក​ទី​ជ្រកកោន ឲ្យ​រួច​ផុត​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា»។

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេ សូម​កុំ​ឲ្យ​គេ​និយាយ​ស្ដាប់​គ្នា​បាន ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​អំពើ​ឃោរឃៅ និង​ការឈ្លោះ​ប្រកែក​គ្នានៅ​ក្នុង​ទី​ក្រុង។

10 ទាំង​ថ្ងៃ​ទាំង​យប់ គេ​ប្រព្រឹត្ត​យ៉ាង​នោះ នៅ​លើ​កំផែង​ជុំ‌វិញ​ទី​ក្រុង ហើយ​នៅ​ក្នុង​ទី​ក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និងភាព​វឹក​វរ

11 មាន​សេចក្ដី​វិនាស​នៅ​កណ្ដាល​ទី​ក្រុង ការ​សង្កត់‌សង្កិន និងការ​បោកប្រាស់ មិន​ចេះ​បាត់​ពី​ទី​ផ្សារ​ឡើយ។

12 ៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ​ដែល​បំបាក់​មុខ​ខ្ញុំ បើ​ជា​ខ្មាំង​សត្រូវ​មែន នោះ​ខ្ញុំ​អាច‌ទ្រាំ​ទ្របាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំដែរ បើ​ជា​អ្នក​ស្អប់​ខ្ញុំ​មែន នោះ​ខ្ញុំ​អាចពួន​ពី​គេ​បាន។

13 ប៉ុន្ដែ គឺ​អ្នក​ឯង​វិញ​ទេតើ ជា​មនុស្ស​ស្មើ​នឹង​ខ្ញុំ ជាគូកន និង​ជា​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ខ្ញុំ។

14 យើង​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែម ក្នុង​ដំណាក់​ព្រះ យើង​ធ្លាប់​ដើរ​ជា​មួយ​គ្នា ក្នុង​ចំណោម​បណ្ដាជន។

15 សូម​ឲ្យ​សេចក្ដី​ស្លាប់​ធ្លាក់​លើ​គេ សូម​ឲ្យ​គេ​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទាំង​រស់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ និង​នៅ​ក្នុង​ចិត្ត​របស់​គេ។

16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ។

17 ខ្ញុំ​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ល្ងាច ទាំង​ព្រឹក ហើយ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ។

18 ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។

19 ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្ប -​បង្អង់ ព្រះ‌អង្គ​នឹង​ស្ដាប់ ហើយ​ព្រះ‌អង្គ​នឹង​បំបាក់​មុខ​គេ ព្រោះ​គេ​មិន​ប្រែ​ចិត្ត ក៏​មិន​កោត​ខ្លាច​ព្រះ​ឡើយ។

20 គូកនរបស់​ខ្ញុំ​បាន​លូក​ដៃ ទាស់​នឹង​មិត្តសម្លាញ់​ខ្លួន គេ​បាន​ក្បត់ពាក្យ​សន្យា របស់​ខ្លួន។

21 សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។

22 ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។

23 ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម