ទំនុកតម្កើង 84 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អំណរនៃការថ្វាយបង្គំនៅក្នុងព្រះវិហារ ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។ 1 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ព្រះដំណាក់របស់ព្រះអង្គ គួរស្រឡាញ់ណាស់ហ្ន៎! 2 ព្រលឹងទូលបង្គំរឭក អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា ជាពន់ពេក ចិត្ត និងសាច់ឈាមទូលបង្គំ ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។ 3 ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ និងជាព្រះនៃទូលបង្គំអើយ សូម្បីតែសត្វចាបក៏រកបានលំនៅ ហើយសត្វត្រចៀកកាំ ក៏រកបានសម្បុកសម្រាប់ខ្លួន ជាកន្លែងដែលដាក់កូនរបស់វា នៅឯអាសនារបស់ព្រះអង្គដែរ។ 4 មានពរហើយ អស់អ្នកដែលរស់នៅ ក្នុងដំណាក់របស់ព្រះអង្គ ទាំងច្រៀងសរសើរតម្កើងព្រះអង្គជានិច្ច។ –បង្អង់ 5 ៙ មានពរហើយ អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន ជាអ្នកដែលរៀបចំចិត្ត ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។ 6 កាលគេដើរកាត់ជ្រលងបាកា គេធ្វើឲ្យជ្រលងនោះ ត្រឡប់ទៅកន្លែងមានប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។ 7 គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។ 8 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់ 9 ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងផង! 10 ៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។ 11 ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។ 12 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia