ពេលខ្លះជីវិតពិបាកណាស់ ពេលដែលអារម្មណ៍ហត់នឿយ ហើយការបន្តដំណើរទៅមុខហាក់ដូចជាការលំបាក តែពេលវេលាបែបនេះហើយ ដែលជាឱកាសដ៏ល្អបំផុតដើម្បីថ្វាយបង្គំព្រះ ដោយទទួលស្គាល់ថា ជីវិតរបស់យើងពឹងផ្អែកទាំងស្រុងលើទ្រង់។
ទោះបីជួបប្រទះនឹងពេលវេលាលំបាកយ៉ាងណាក៏ដោយ ចូរចាំថាព្រះយេស៊ូវបានឈ្នះហើយ ហើយក្នុងព្រះនាមទ្រង់ យើងមានជ័យជំនះដើម្បីយកឈ្នះលើរាល់ស្ថានភាពទាំងអស់ ដោយមានទ្រង់ជាទីពឹង។ កុំភ័យខ្លាចអ្វីឡើយ កុំចុះចាញ់នឹងការសាកល្បង កុំបិទខ្លួនឯង ហើយកុំបោះបង់ចោលឡើយ ពីព្រោះសេចក្ដីពិតរបស់ព្រះគ្រីស្ទផ្ដល់កម្លាំងដល់យើង ឲ្យអាចថ្វាយបង្គំព្រះបានគ្រប់ពេលវេលា ទាំងពេលសុខសប្បាយ និងពេលវេលាលំបាក។
ព្រះចង់នាំយើងទៅកាន់កម្រិតជ្រៅនៃការថ្វាយបង្គំ ហើយគឺពេលវេលាលំបាកទាំងនេះហើយ ដែលធ្វើឲ្យយើងបង្ហាញចេញនូវគុណសម្បត្តិដ៏ល្អបំផុតរបស់យើង ដែលអនុញ្ញាតឲ្យយើងច្រៀងថ្វាយបង្គំដោយអំណរ និងរីករាយក្នុងចិត្ត។
ចូរថ្លែងអំណរគុណដល់ព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយចងចាំថា ការលំបាកបណ្ដោះអាសន្ននេះនឹងនាំមកនូវសិរីល្អដ៏ធំធេងសម្រាប់យើង។ កុំបារម្ភពីអ្វីដែលយើងមើលមិនឃើញ តែចូរផ្ដោតភ្នែករបស់យើងទៅលើអ្វីដែលនៅអស់កល្បជានិច្ច ហើយសញ្ជឹងគិតពីសិរីល្អរបស់ទ្រង់។ ដូចដែលមានចែងក្នុងគម្ពីរអេសាយ ៤១:១០ ថា «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រងាកចិត្តឡើយ ដ្បិតអញជាព្រះរបស់ឯង អញនឹងពង្រឹងឯង មែនហើយ អញនឹងជួយឯង អញនឹងទ្រឯងដោយដៃស្តាំដ៏សុចរិតរបស់អញ»។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។
ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង!
កាលទូលបង្គំបានទូលរៀបរាប់ អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង!
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។
អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
«ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មានមួយអង្គដែលពូកែជាងពួកគេទៅទៀត។
ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង»។ ពួកបណ្ដាជនក៏ផ្អែកចិត្តទៅលើរាជឱង្ការនៃព្រះបាទហេសេគា ជាស្តេចយូដា។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ!
ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។
ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល
ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ
ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ព្រះអង្គជាទំនុកសរសើរ ព្រះអង្គជាព្រះរបស់អ្នក ព្រះអង្គបានធ្វើការដ៏ធំ គួរស្ញែងខ្លាចដើម្បីអ្នក ជាការដែលភ្នែករបស់អ្នកបានឃើញស្រាប់។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់!
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។
គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីព្រះអង្គគ្មានព្រះណាទៀតសោះ ក៏គ្មានថ្មដាដែលរឹងមាំ ដូចជាព្រះរបស់យើងខ្ញុំដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ចូរអរសប្បាយជានិច្ច
ចូរអធិស្ឋានឥតឈប់ឈរ
ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។
ផែនដីទាំងមូលអើយ ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ
ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ
ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ ចេញមកកន្លែងដែលមានបរិបូរ។
ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ
ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។
ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់
៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។
ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។
ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ
នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា !
ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ឱព្រះយេហូវ៉ាអើយ ពីក្នុងទីដ៏ជ្រៅ ទូលបង្គំស្រែករកព្រះអង្គ
ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង!
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត
សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។
ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
«តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?»
ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា?
ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ហេតុនេះហើយបានជាចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅ ដោយសាន្តត្រាណដែរ។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។