Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សង្ឃ​ផាស‌ហ៊ើរ​ធ្វើ​បាប​ហោរា​យេរេមា

1 ពេល​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​សង្ឃ​អ៊ីមមើរ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ឮ​ថា​ហោរា​យេរេមា​កំពុង​ថ្លែងទំនាយ​សេចក្ដី​ទាំង​នេះ

2 លោកផាស​ហ៊ើរ​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

3 លុះ​ថ្ងៃ​បន្ទាប់ លោក​ផាស‌ហ៊ើរ​ក៏​នាំ​ហោរា​យេរេមា​ចេញ​ពី​គុក​មក​វិញ ខណៈ​នោះ ហោរា​យេរេមា​ប្រាប់​លោក​ថា៖ «ព្រះ‌យេហូវ៉ា​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សាប៊ីបវិញ។

4 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្ត​សម្លាញ់​របស់​អ្នក​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​អ្នក​នឹង​ឃើញ​ដែរ យើង​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្ដេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សម្លាប់​គេ​ដោយ​ដាវ​ផង។

5 មួយ​ទៀត យើង​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់ យើង​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ​របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន"។

6 ឯ​អ្នក​ផាស‌ហ៊ើរ​អើយ អ្នក និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​អ្នក​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ គឺ​អ្នក​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​អ្នក​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​អ្នក​នៅ​ស្រុក​នោះ គឺ​ទាំង​អ្នក និង​ពួក​មិត្ត​សម្លាញ់​អ្នក​ដែល​អ្នក​បាន​ថ្លែងទំនាយ​កុហក​ដល់​គេ​នោះ​ផង»។


ហោរា​យេរេមា​ត្អូញ‌ត្អែរ​ដាក់​ព្រះ‌អម្ចាស់

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្ដោយ​តាម ព្រះ‌អង្គ​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។

8 ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជា‌និច្ច​រាល់​ថ្ងៃ។

9 ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។

10 ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំ‌វិញ អស់​ទាំង​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរបរិហារ​ចុះ នោះ​យើង​នឹង​បរិហារ​ដែរ ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា។

11 ប៉ុន្តែ ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ឥត​ភ្លេច​បាន​ឡើយ។

12 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ព្រះ‌អង្គ​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ នៃ​ទូល‌បង្គំ​ដល់​ព្រះ‌អង្គ​ហើយ។

13 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

14 សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​បណ្ដាសា​ចុះ កុំ​ឲ្យ​ថ្ងៃដែល​ម្តាយ​បាន​សម្រាល​ខ្ញុំ​ចេញ​មក​នោះ បាន​ពរ​ឡើយ

15 សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ដែល​នាំ​ដំណឹង​មក​ប្រាប់​ឲ្យ​ឪពុក​ខ្ញុំ មាន​អំណរ​ជា​ខ្លាំង ដោយ​ថា អ្នក​បាន​កូន​ប្រុស​ហើយ

16 សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សម្រែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់

17 ពី​ព្រោះ​គេ​មិន​បាន​សម្លាប់​ខ្ញុំ ពី​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ ឲ្យ​ម្តាយ​ខ្ញុំ​ជា​ផ្នូរ​របស់​ខ្ញុំ ហើយ​មាន​ពោះ​ធំ​រហូតទៅ។

18 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការ​នឿយ​ហត់ និង​សេចក្ដី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដូច្នេះ?

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម