Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 68 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ
ទំនុក​ជា​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 សូម​ព្រះ​ក្រោក​ឡើង សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ ហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ រត់​ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ!

2 សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។

3 តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​សប្បាយ​រីករាយ គេ​នឹង​រីករាយ​នៅ​ចំពោះ​ព្រះ គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង!

4 ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។

5 ព្រះ​ដែល​គង់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា និង​ជា​អ្នក​ការ​ពារ​ស្ត្រី​មេម៉ាយ។

6 ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ មាន​ផ្ទះ​សំបែង​រស់​នៅ ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង ចេញទៅ​រកភាព​ចម្រុង​ចម្រើន តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។

7 ៙ ឱ​ព្រះ​អើយ កាល​ព្រះ‌អង្គ​យាង​នាំ​មុខ ប្រជា‌រាស្ត្រ​របស់ព្រះ‌អង្គ​ចេញ​ទៅ កាល​ព្រះ‌អង្គ​បាន​យាង​កាត់​ទី​ហោ‌ស្ថាន -បង្អង់

8 នោះ​ផែនដីរញ្ជួយ ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង នៅ​ចំពោះ​ព្រះ គឺ​ព្រះនៃ​ភ្នំ​ស៊ី‌ណាយ នៅ​ចំពោះ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ី​ស្រាអែល។

9 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ

10 ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ ឱ​ព្រះ​អើយ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។

11 ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌បន្ទូល ពួក​ស្ត្រី ដែល​ប្រកាស​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់។

12 ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។

13 ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក នៅ​កណ្ដាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។

14 កាល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​ស្តេច​នៅ​ស្រុក​នោះ សូម​ឲ្យ​ព្រឹល​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។

15 ឱ​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន ភ្នំ​បាសានអើយ!

16 ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន​អើយ ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែន នឹង​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យក ជា​លំនៅ​របស់​ព្រះ‌អង្គ​ដូច្នេះ? អើ ព្រះ‌យេហូវ៉ា​នឹង​គង់ នៅ​លើ​ភ្នំ​នោះ​រហូត​តទៅ។

17 រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។

18 ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ទី​ខ្ពស់ ទាំង​នាំ​ពួក​ឈ្លើយ​ទៅ​ជាមួយ ហើយ​ទទួលសួយ​អាករ​ពីប្រជាជន សូម្បី​តែ​ពី​ក្នុង​ចំណោម​មនុស្ស​បះ‌បោរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះបាន​គង់​នៅ​ទី​នោះ។

19 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

20 ព្រះ​នៃ​យើង គឺ​ជា​ព្រះ​នៃ​ការ​សង្គ្រោះ ហើយ​ការ​រំដោះ​ឲ្យ​រួច​ពី​ស្លាប់ ជា​របស់​ព្រះ គឺ​ព្រះ‌យេហូវ៉ា។

21 តែ​ព្រះ​នឹង​វាយ​បំបែក​ក្បាល ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​ថ្ងាសនៃ​អ្នក​ដែល​ចេះ​តែ​ដើរ ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​គេ​ត្រឡប់​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​គេ​ចេញ​ពី​បាត​សមុទ្រ​មក​វិញ

23 ដើម្បី​ឲ្យជើង​អ្នក​រាល់​គ្នា បាន​ដើរ​លុយ​ក្នុង​ឈាម​របស់​គេ ឲ្យ​អណ្ដាត​ឆ្កែ​របស់​អ្នក​រាល់​គ្នា មាន​ចំណែកពី​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

24 ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដំណើរ របស់​ព្រះ‌អង្គ គឺ​ក្បួន​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ មហាក្សត្រ​នៃ​ទូល‌បង្គំ យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

25 ពួក​ចម្រៀង​នៅ​ខាង​មុខ ពួក​ភ្លេង​នៅ​ខាង​ក្រោយ នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។

26 ឱ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរលើក​តម្កើង​ព្រះ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា!

27 នៅ​ទី​នោះ​មាន​បេនយ៉ាមីន ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ ក្នុង​ចំណោម​ពួក‌គេ មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។

28 ឱ​ព្រះ​អើយ សូមបង្ហាញឫទ្ធានុ‌ភាព របស់​ព្រះ‌អង្គ​មក ឱ​ព្រះ​អើយ សូម​បង្ហាញ​ព្រះ​ចេស្ដា​រប​ស់​ព្រះ‌អង្គ ជា​ព្រះ​ចេស្ដា​ដែល​ព្រះ‌អង្គ តែងតែ​ប្រោស​យើង​ខ្ញុំ។

29 ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។

30 សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​សាសន៍​ទាំង‌ឡាយ​ផង គ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។

31 ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​ស្រុក​អេធីយ៉ូពី នឹង​លើក​ដៃ​ទៅ​រក​ព្រះ។

32 ៙ ឱ​នគរ​ទាំង​ឡាយ​នៅ​ផែនដី​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ ឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់ –បង្អង់

33 គឺ​ដល់​ព្រះ‌អង្គ​ដែល​ជិះរាជរថ​កាត់​ផ្ទៃ​មេឃ គឺ​ផ្ទៃ​មេឃ​ពី​បុរាណ មើល៍ ព្រះ‌អង្គ​បញ្ចេញ​ព្រះ‌សូរ‌សៀង គឺ​ព្រះ​សូរ​សៀង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។

34 ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នៅ​លើ​ផ្ទៃ​មេឃ។

35 ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូមលើកតម្កើង​ព្រះ!។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម