Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្រៀង​នៃ​ការ​ទុក​ចិត្ត និងសុវត្ថិភាព​នៅ​ក្នុង​ព្រះ
ពាក្យ​កាព្យ​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ​អើយ សូម​ការពារ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​យក​ព្រះ‌អង្គ​ជា​ទី​ជ្រក​កោន។

2 ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ ទូល‌បង្គំ​រក​សេចក្ដី​ល្អ មិន​បាន​ឡើយ»។

3 ចំណែក​ឯ​ពួក​បរិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ គេ​ជា​មនុស្សដ៏​ប្រសើរ ដែល​គាប់​ចិត្ត​ទូល‌បង្គំ​គ្រប់​ជំពូក។

4 រីឯអស់​អ្នក​ដែល​បែរ​ទៅ​តាម​ព្រះ​ដទៃ ទុក្ខ​លំបាក​របស់​គេកាន់​តែ​កើន​ឡើង ទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។

5 ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។

6 ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។

7 ទូល‌បង្គំ​សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំ ចិត្តទូល‌បង្គំដាស់​តឿន​ទូល‌បង្គំ​នៅ​ពេល​យប់។

8 ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

9 ហេតុ​នេះហើយ​បាន​ជា​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ ដោយ​សាន្ត‌ត្រាណ​ដែរ។

10 ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ព្រលឹង​ទូល‌បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យអ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ។

11 ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម