Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទំនុក​សរសើរ​តម្កើង​ដែល​រួច​ពីការ​សង្កត់​សង្កិន

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។

2 ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ លែង​បាន​ធ្វើ​ជា​ទី​ក្រុង​ត​រៀង​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។

3 ហេតុ​នោះ​នឹង​មាន​សាសន៍​មួយ​ដែល​មាន​កម្លាំង​ខ្លាំង គេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ទី​ក្រុង​របស់​នគរ​គួរ​ស្ញែង‌ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ព្រះ‌អង្គ។

4 ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។

5 ព្រះ‌អង្គ​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្តៅ​នៅ​កន្លែង​ហួត‌ហែង ហើយ​ដូច​ជា​កម្ដៅ​បាន​អន់​ថយ​ដោយ‌សារ​ម្លប់​ពពក នោះ​ចម្រៀងជោគ​ជ័យ​របស់​ពួក​គួរ​ស្ញែង‌ខ្លាច នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ។

6 នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជា‌រស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង​យ៉ាង​ល្អ។

7 នៅ​លើ​ភ្នំ​នេះ ព្រះ‌អង្គ​នឹង​បំផ្លាញ​ស្បៃ ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គម្រប​ដែល​គ្រប​លើ​ជន​ជាតិ​ទាំង​ប៉ុន្មាន​ផង។

8 ព្រះ‌អង្គ​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជូត​ទឹក​ភ្នែក ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌អង្គ​នឹង​ដក​សេចក្ដី​ត្មះ‌តិះ‌ដៀល ចំពោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។

9 នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា៖ មើល៍ នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ។

10 ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​គំនរ​លាមក។

11 អ្នក​នោះ នឹងបោះ​ដៃ​នៅ​កណ្ដាល​ស្រុក​នោះ ដូច​ជា​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​នឹង​បំបាក់​អំនួត​អួត​អាង​របស់​គេ ព្រម​ទាំង​ល្បិច​កល‌នៃ​ដៃ​របស់​គេ​ដែរ។

12 ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​អ្នក​នោះ នឹង​ត្រូវ​ផ្ដួល​រំលំ ទម្លាក់​ចុះ​រាប​ដល់​ដី ឲ្យ​ក្លាយ​ជា​ធូលី។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម