ទំនុកតម្កើង 150 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គធំអស្ចារ្យក្រៃលែង 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ! 2 ចូរសរសើរតម្កើងព្រះអង្គ ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គ ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ! 3 ៙ ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង! 4 ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ! 5 ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឈឹងឮសូររំពង! 6 គួរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើម បានសរសើរតម្កើងព្រះយេហូវ៉ា ហាលេលូយ៉ា !៚ |
© 2016 United Bible Societies
Bible Society in Cambodia