Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 66 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែលទ្រង់សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​សាសន៍​អ៊ីស្រា‌អែល
ទំនុក​ជា​បទ​ចម្រៀង សម្រាប់​មេ​ភ្លេង។

1 ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើងដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ

2 ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ!

3 ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ

4 ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់

5 ៙ ចូរ​មក​មើល​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើចុះ! ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ក្នុង​កិច្ច​ការ​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ដល់​ពួក​កូន​មនុស្ស។

6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​ទៅ​ជា​ដី​គោក គេ​បាន​ដើរ​ឆ្លង​កាត់​ទន្លេ។ នៅ​ទី​នោះ យើង​ខ្ញុំ​បាន​រីកស‌រាយ​ក្នុង​ព្រះ‌អង្គ

7 ដែល​ទ្រង់​សោយ‌រាជ្យ ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ​អស់​កល្បជានិច្ច ព្រះ‌នេត្រ​ព្រះ‌អង្គ​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​តម្កើងខ្លួន​ឡើយ។ –បង្អង់

8 ៙ ឱ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​លើក​តម្កើង​ព្រះ​នៃ​យើង សូម​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឡើង

9 ព្រះ‌អង្គ​ហើយ​ដែល​រក្សា​ព្រលឹង​យើង ក្នុង​ចំណោម​មនុស្ស​រស់ ក៏​មិន​ឲ្យ​ជើង​យើង​រអិល​ភ្លាត់​ឡើយ។

10 ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ល្បង​ល​យើង​ខ្ញុំ ក៏​បានលត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។

11 ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ

12 ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ ចេញ​មក​កន្លែង​ដែល​មាន​បរិបូរ។

13 ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ

14 ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។

15 ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់

16 ៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។

17 មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។

18 ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។

19 ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។

20 សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ចេញ​ពី​ខ្ញុំ​ដែរ!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម