Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 103 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ!

2 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ

3 ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា

4 ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង

5 ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

6 ៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

7 ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យលោក​ម៉ូសេ ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ស្គាល់​កិច្ច‌ការ របស់​ព្រះ‌អង្គ។

8 ព្រះ‌យេហូវ៉ា​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា និង​ប្រណី​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​បរិបូរ។

9 ព្រះ‌អង្គ​នឹង​មិន​បន្ទោសជានិច្ច ក៏​មិន​ប្រកាន់​រហូត​ដែរ។

10 ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។

11 ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។

12 ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។

13 ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

14 ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។

15 ៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល

16 ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។

17 តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ

18 គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។

19 ៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។

20 ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច!

21 អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

22 អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម