បទព្រះគម្ពីរ

ការផ្សាយពាណិជ្ជកម្ម


ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

100 ខគម្ពីរសម្រាប់លើកទឹកចិត្តពេលអស់សង្ឃឹម


អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ទំនុកតម្កើង 55:22

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។

រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

អេសាយ 40:29-31

ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។

មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។

ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

យ៉ូស្វេ 1:9

តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។

ទំនុកតម្កើង 9:9

ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។

២ កូរិនថូស 12:9

តែ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង​បាន​ពេញ​ខ្នាត នៅ​ក្នុង​ភាព​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ខ្ញុំ។

១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ទំនុកតម្កើង 46:1

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។

ទំនុកតម្កើង 34:17-18

ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ម៉ាថាយ 11:28

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។

ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ទំនុកតម្កើង 27:14

ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

យ៉ូហាន 16:33

ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ទំនុកតម្កើង 33:18-19

មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ

ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។

អេសាយ 40:1

ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង

ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

២ កូរិនថូស 5:7

ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។

ទំនុកតម្កើង 61:2

ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

យ៉ូហាន 14:1

«កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ។

អេភេសូរ 3:20

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង

ទំនុកតម្កើង 27:1

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?

២ កូរិនថូស 1:10

ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន

ហេព្រើរ 13:6

ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។

ទំនុកតម្កើង 18:2

ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។

២ ធីម៉ូថេ 4:18

ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

អេសាយ 35:4

ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

ហេព្រើរ 10:23

ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។

ទំនុកតម្កើង 138:7

៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។

រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

អេសាយ 54:10

ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។

ទំនុកតម្កើង 40:1

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។

កូឡុស 3:15

ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

រ៉ូម 15:4

ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។

ទំនុកតម្កើង 73:28

រីឯ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ទី​ជ្រកកោន ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់ ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

អេសាយ 51:12

យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?

ទំនុកតម្កើង 91:15

កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។

អេសាយ 57:15

ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។

ទំនុកតម្កើង 20:7

អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។

ម៉ាថាយ 5:4

មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។

ទំនុកតម្កើង 34:8

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ភីលីព 3:14

ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ទំនុកតម្កើង 145:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

អេសាយ 43:1

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។

យេរេមា 17:7

មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ទំនុកតម្កើង 32:7

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់

រ៉ូម 8:38-39

ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី

ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

១ ថែស្សាឡូនីច 4:18

ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ទាំង​នេះ​ចុះ។

ទំនុកតម្កើង 42:5

ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

២ របា‌ក្សត្រ 20:17

អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។

ទំនុកតម្កើង 16:11

ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

អេសាយ 41:13

ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក

២ កូរិនថូស 13:11

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

ទំនុកតម្កើង 68:19

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

ទំនុកតម្កើង 27:13

ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដីសប្បុរស​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់​នេះ នោះតើ​ទូល‌បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា?

ទំនុកតម្កើង 86:7

នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។

ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ចោទិយ‌កថា 31:8

គឺ​ព្រះ‌យេហូវ៉ា​ហើយ​ដែល​យាង​នាំ​មុខ​អ្នក ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ។ កុំ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។

ទំនុកតម្កើង 138:3

នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ចម្រើន​កម្លាំង​ចិត្ត​ទូល‌បង្គំ ។

ម៉ាថាយ 19:26

ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។

ទំនុកតម្កើង 62:5-6

៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។

ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។

អេភេសូរ 6:10

លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

ហេព្រើរ 4:16

ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។

១ ថែស្សាឡូនីច 5:16-18

ចូរ​អរ​សប្បាយ​ជា‌និច្ច

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ

ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

អេសាយ 26:3

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ទំនុកតម្កើង 37:5

ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។

រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ទំនុកតម្កើង 42:11

ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

អេសាយ 43:2

កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ទំនុកតម្កើង 31:24

ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា ក្លាហាន​ឡើង!

១ កូរិន‌ថូស 10:13

គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។

បរិទេវ 3:22-23

គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត

សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។

២ ធីម៉ូថេ 1:7

ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។

សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។

ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ទំនុកតម្កើង 23:4

៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ទំនុកតម្កើង 28:7

ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។

អេសាយ 12:2

មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។

ភីលីព 4:6-7

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។

នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ទំនុកតម្កើង 119:114

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

១ ពេត្រុស 5:10

ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

ទំនុកតម្កើង 16:8

ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

២ កូរិនថូស 1:3-4

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង

ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។

ទំនុកតម្កើង 147:3

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

រ៉ូម 12:12

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

រ៉ូម 5:3-4

មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ

ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម

ទំនុកតម្កើង 118:6

ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

២ កូរិនថូស 4:8-9

យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម

យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ

យ៉ូហាន 14:27

ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

ទំនុកតម្កើង 34:4

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។

១ យ៉ូហាន 4:4

ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។

យេរេមា 29:11

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។

ទំនុកតម្កើង 30:5

ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។

រ៉ូម 8:37

ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។

ទំនុកតម្កើង 56:3

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។

កាឡាទី 6:9

យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។

ទំនុកតម្កើង 73:26

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។