ទំនុកតម្កើង 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមឲ្យមានជ័យជម្នះ ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។ 1 សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា! 2 សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក! 3 សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់ 4 ៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច! 5 សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា ហើយលើកទង់ជ័យឡើង ក្នុងព្រះនាមនៃព្រះរបស់យើង។ សូមព្រះយេហូវ៉ាសម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។ 6 ៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ានឹង សង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌ ដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំ ដែលតែងតែជួយ។ 7 អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។ 8 អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ តែយើងនឹងក្រោកឈរយ៉ាងមាំ។ 9 ៙ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យយើងខ្ញុំមានជ័យជម្នះ សូមព្រះដ៏ជាមហាក្សត្រ ឆ្លើយតបមកយើងខ្ញុំផង ពេលយើងខ្ញុំអំពាវនាវរកព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia