Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ជំនួយ និង​ពាក្យ​អរ​ព្រះ​គុណ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។

2 សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ទូល‌បង្គំ​ទូល‌អង្វរ ពេល​ទូល‌បង្គំ​ស្រែក​រក​ជំនួយ​ពី​ព្រះ‌អង្គ កាល​ទូល‌បង្គំ​ប្រទូល​ដៃ​ឆ្ពោះ​ទៅ​កាន់ ទី​បរិសុទ្ធ​បំផុត​របស់​ព្រះ‌អង្គ។

3 សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យ ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។

4 សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។

5 ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​នឹង​រំលំ​គេ ក៏​មិន​សង់​គេ​ឡើង​វិញ​ឡើយ។

6 ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា! ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទូល‌អង្វរ។

7 ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។

8 ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។

9 សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​មត៌ក​របស់​ព្រះ‌អង្គ សូម​ធ្វើ​ជា​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​រហូតតរៀង​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម